មនុស្សរាប់ពាន់នាក់ នៅក្នុងរដ្ឋ Victoria របស់អូស្ត្រាលី ត្រូវគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមានខ្យល់ព្យុះដ៏គ្រោះថ្នាក់។
យោងតាមក្រុមហ៊ុនថាមពល AusNet Services បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ មានការដាច់ចរន្តអគ្គិសនីដែលមិនស្មានដល់ចំនួន ២៤កន្លែង នៅក្នុងបណ្តាញអគ្គិសនី ដោយប៉ះពាល់ដល់ផ្ទះសម្បែង និងអាជីវកម្មចំនួន ២.៨០០ខ្នង នៅភាគខាងជើង និងភាគខាងកើតនៃរដ្ឋ Victoria បន្ទាប់ពីមាននូវអាកាសធាតុធ្ងន់ធ្ងរ នៅពាសពេញរដ្ឋនេះ កាលពីល្ងាចថ្ងៃអាទិត្យ (ទី២៥ ខែសីហា)។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋអូស្ត្រាលី (SES) បានរាយការណ៍ថា បានទទួលការហៅទូរសព្ទចំនួន ៤៧១ដង ដើម្បីសុំជំនួយ រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា ដោយខ្យល់បក់ដ៏ខ្លាំងក្លាបានបង្កការខូចខាតគ្រប់ទីកន្លែង។
ក្នុងចំណោមការហៅទូរសព្ទសុំជំនួយដល់ SES មានចំនួន ២៦១លើកទាក់ទងនឹងដើមឈើរលំ ១៣០ដងទាក់ទងនឹងការខូចខាតអគារ ហើយនិង ៣៩លើក ទាក់ទងនឹងទឹកជំនន់ និងការខូចខាតទ្រព្យសម្បត្តិ។ ជាមួយគ្នានេះ ការប្រកាសអាសន្នពីការមានព្យុះអមដោយផ្គររន្ទះខ្លាំងក្លា ត្រូវបានចេញនៅយប់ថ្ងៃទី២៥ ខែសីហា សម្រាប់ទីក្រុង Melbourne ដែលជាទីក្រុងធំទី២ របស់ប្រទេសអូស្ត្រាលី ដោយព្រមានពីការមានខ្យល់បោកបក់ខ្លាំង ដុំព្រិលធំៗ និងភ្លៀងធ្លាក់ខ្លាំង។
ខ្យល់ដែលមានល្បឿនលើសពី ១០០គីឡូម៉ែត្រ ក្នុង ១ម៉ោង ត្រូវបានកត់ត្រា នៅអាកាសយានដ្ឋាន Melbourne ខណៈដែលព្យុះនេះបានបោកបក់ទៅដល់ទីក្រុង នៅវេលាម៉ោង ៦:១៥នាទីល្ងាច ម៉ោងក្នុងស្រុក ហើយកម្លាំងខ្យល់បក់ដ៏ខ្លាំងកៀកៗនឹង ១៥០គីឡូម៉ែត្រ ក្នុង ១ម៉ោង ត្រូវបានកត់ត្រា នៅកន្លែងផ្សេងទៀត ក្នុងរដ្ឋ៕