លោកប្រធានាធិបតី Rumen Radev នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៊ុលហ្គារី នឹងរៀបចំការបោះឆ្នោតសភាមុនអាណត្តិដែលជាលើកទី៧ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ នៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ បន្ទាប់ពីគណបក្សនយោបាយ មិនអាចឈានដល់ការព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ។
លោក Radev បាននិយាយថា រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយលោក Dimitar Glavchev នឹងត្រូវស្បថនៅក្នុងសភារបស់ប៊ុលហ្គារី នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) ដើម្បីដឹកនាំប្រទេស នៅសមុទ្រខ្មៅនេះ រហូតដល់ការបោះឆ្នោត។
បន្ទាប់ពីលោក Glavchev បង្ហាញរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកដល់ប្រធានាធិបតី លោក Radev បាននិយាយថា៖ «ថ្ងៃស្អែក ខ្ញុំក៏នឹងចេញក្រឹត្យស្តីអំពីការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃទី២៧ ខែតុលា»។
គួរបញ្ជាក់ថា ប្រទេសប៊ុលហ្គារី ដែលជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ ត្រូវបានញាំញីដោយការផ្លាស់ប្ដូររដ្ឋាភិបាលជាញឹកញាប់ ចាប់តាំងពីមានការតវ៉ាប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២០ ដែលបានទម្លាក់រដ្ឋាភិបាលជម្រុះដឹកនាំដោយគណបក្សស្ដាំនិយមកណ្ដាល គឺគណបក្ស GERB៕