អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់នឹងបរិច្ចាគវ៉ាក់សាំងជំងឺអុតស្វាចំនួន ១០០.០០០ដូសពីស្តុកយោធារបស់ខ្លួន ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនូវជំងឺនេះ នៅទ្វីបអាហ្រ្វិក ក្នុងរយៈពេលដ៏ខ្លី ក៏ដូចជាផ្តល់ជំនួយដល់ប្រទេសដែលរងផលប៉ះពាល់ផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់ឲ្យអង្គការសុខភាពពិភពលោក (WHO) នូវធនធានហិរញ្ញវត្ថុដែលអាចបត់បែនបាន តាមរយៈឧបករណ៍ផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺងុតស្វា និងជួយដល់ដៃគូរបស់ខ្លួន នៅក្នុងទ្វីបអាហ្រ្វិក តាមរយៈសម្ព័ន្ធភាពវ៉ាក់សាំង GAVI។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់មានវ៉ាក់សាំង Jynneos ប្រហែល ១១៧.០០០ដូល ដែលត្រូវបានស្តុកទុកដោយកងទ័ពអាល្លឺម៉ង់ បន្ទាប់ពីទីក្រុងប៊ែរឡាំង បានទិញ នៅឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរក្សាចំនួនស្តុកទុកឲ្យដល់កម្រិតអប្បបរមា ជាឧទាហរណ៍ ដើម្បីគ្រាន់តែទុកជួយការពារការធ្វើដំណើរអាជ្ញាធរ។ លោកបានបន្ថែមថា ការសម្រេចចិត្តដាច់ដោយឡែកមួយ នឹងត្រូវធ្វើឡើង នៅពេលនិយាយអំពីការរៀបចំវ៉ាក់សាំងឡើងវិញ។
WHO បានប្រកាសជំងឺអុតស្វាថា ជាគ្រាអាសន្នសុខភាពសាធារណៈសកល បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរីករាលដាលដល់ប្រទេសជិតខាង ហើយវីរុសប្រភេទថ្មី Clade Ib បានបង្កឲ្យមានការព្រួយបារម្ភ អំពីល្បឿននៃការឆ្លងជំងឺនេះ៕