ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរយៈពេល ២សប្តាហ៍ ដែលមានការចូលរួមពីបុគ្គលិកជាង ៤.៥០០នាក់ ដោយលំហាត់សមនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនជំនាញប្រតិបត្តិការ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ដែលប្រទេសចិនកំពុងប្រជែងដណ្តើមឥទ្ធិពល។
សមយុទ្ធឈ្មោះ «Super Garuda Shield» ដែលត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ២០០៦ មកនោះ នឹងរួមបញ្ចូលការក្លែងឲ្យដូចពិត ដូចជាប្រតិបត្តិការផ្លូវគោក និងផ្លូវអាកាស ការស្វែងរកប្រយុទ្ធ និងការសង្គ្រោះ ហើយនិងការធ្វើលំហាត់សម នៅក្នុងផ្នែកវិស្វកម្ម និងការដឹកជញ្ជូនទំនិញ។
សមយុទ្ធនេះកំពុងប្រព្រឹត្តទៅនៅដែនដី Sidoarjo ខេត្តជ្វាខាងកើត (East Java) ហើយក៏មានទាហានមកពីប្រទេសអូស្ត្រាលី ជប៉ុន អង់គ្លេស បារាំង និងនូវ៉ែលសេឡង់ផងដែរ។ អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Rudy Hernawan បាននិយាយថា ការធ្វើសមយុទ្ធនេះនឹងត្រូវបានចូលរួមអង្កេតដោយប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
កម្មវិធីនេះនឹងរួមបញ្ចូលសមយុទ្ធរួមគ្នាប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ដែលឥណ្ឌូនេស៊ីបានជួបប្រទះជាច្រើនដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមទាំងការវាយប្រហារតាមអ៊ីនធឺណិត កាលពីខែមិថុនាផងដែរ ដែលបានរំខានដល់សេវាកម្មរដ្ឋាភិបាលជាច្រើន ដោយរួមបញ្ចូលទាំងការធ្វើអន្តោប្រវេសន៍ និងប្រតិបត្តិការរបស់អាកាសយានដ្ឋានធំៗ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះកើតឡើងចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ហើយនិងការខ្វែងគំនិតគ្នា ជុំវិញពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ និងការធ្វើសកមម្មភាពរបស់នាវាចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលឥណ្ឌូនេស៊ីជារដ្ឋស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ៕