មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក គិតថា នៅតែមានការគំរាមកំហែងនៃការវាយប្រហារថ្មីលើអ៊ីស្រាអែលពីសំណាក់ប្រទេសអ៊ីរ៉ង់ ឬអ្នកតំណាងរបស់ប្រទេសនេះ បន្ទាប់ពីក្រុមហេសបូឡានៅលីបង់ បានបាញ់រ៉ូកែត និងយានដ្រូន កាលពីចុងសប្តាហ៍។

អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់ បានគំរាមវាយប្រហារអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់នៅទីក្រុងតេអេរ៉ង់ និងនៅទីក្រុងបេរូតកាលពីចុងខែមុន ហើយក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារកាលពីពេលពេលថ្មីៗនេះលើអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការធ្វើឃាតមួយក្នុងចំណោមការធ្វើឃាតទាំងនោះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ Pat Ryder បាននិយាយទៅកាន់អ្នកសារព័ត៌មាន ថា «យើងបន្តសន្និដ្ឋានថា នឹងមានការគំរាមកំហែងនៃការវាយប្រហារ ហើយយើងនៅតែមានជំហរល្អគាំទ្រការការពាររបស់អ៊ីស្រាអែល ព្រមទាំងការពារកងកម្លាំងរបស់យើង ដែលពួកគេអាចនឹងរងការវាយប្រហារ។

កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើគោលដៅរបស់ក្រុមហេសបូឡា ដោយយន្តហោះចម្បាំងប្រហែល ១០០គ្រឿង បានវាយប្រហារគោលដៅជាង២៧០កន្លែង ភាគច្រើនជាគ្រាប់រ៉ូកែតរយៈចម្ងាយជិត។
មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើងកន្លះម៉ោង មុនពេលក្រុមរបស់លោកបានបាញ់រ៉ូកែត Katyusha ជាង៣០០ គ្រាប់ទៅកាន់ទីតាំងយោធាអ៊ីស្រាអែលចំនួន១១កន្លែង ហើយយានដ្រូន បានកំណត់គោលដៅកាន់តែជ្រៅទៅក្នុងប្រទេសនេះ ជាការឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ លោក Fuad Shukr កាលពីខែកក្កដា។