ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការត្រួតពិនិត្យកាលពីថ្ងៃចន្ទប្រឆាំងនឹងនាវាឆ្មាំសល្បាតឆ្នេរហ្វីលីពីនពីរគ្រឿងដែលបានចូលដែនទឹកនៅជិតតំបន់ជម្លោះ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង។

អង្គភាពឆ្មាំល្បាតឆ្នេរចិនបានចោទប្រកាន់ទីក្រុងម៉ានីលថាបានបញ្ជូននាវាពីរគ្រឿងចូលចតដោយខុសច្បាប់ក្នុងដែនទឹកក្បែរ តំបន់មានជម្លោះដែលចិនហៅឈ្មោះថា សៀនប៉ិន ជីវ (Xianbin Jiao) សម្រាប់តំបន់មានជម្លោះ Shoal Sabina ។
អង្គភាពឆ្មាំល្បាតឆ្នេរចិនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាទាំងនោះ បានបន្តបើកចូលទៅជិត នាវាឆ្មាំល្បាតឆ្នេររបស់ចិន ដែលតែងតែប្រឈមគ្រោះថ្នាក់ ។

ប្រភពដដែលបានបន្ថែមថា ឆ្មាំល្បាតឆ្នេរចិនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីនស្របតាមច្បាប់ ។
អង្គភាពឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានបញ្ជូននាវាចំនួនពីរគ្រឿង ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់នាវារបស់ខ្លួននៅក្នុងដែនទឹក Sabina Shoal ។
លោក ខុមម៉ូដូរ៉េ ចាយ តារ៉េឡា (Commodore Jay Tarriela) អ្នកនាំពាក្យរបស់អង្គភាពឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល បានប្រាប់សារព័ត៌មាន AFP ថា នៅពេលនាវាចូលទៅជិតដែនទឹកថ្មប៉ប្រះទឹក ពួកគេត្រូវបានបង្ខំឱ្យបោះបង់ចោលបេសកកម្មផ្គត់ផ្គង់ឡើងវិញ ដោយសារតែការដាក់ពង្រាយនាវាដ៏ច្រើនរបស់ចិន និងស្ថានភាពដែនសមុទ្រដ៏លំបាក៕