មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់៩៩នាក់ បានស្លាប់នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ចាប់តាំងពីការចាប់ផ្តើមនៃភ្លៀងមូសុង នៅឆ្នាំនេះ។

ភ្លៀងធ្លាក់ខ្លាំង បានវាយបោកបក់ផ្នែកផ្សេងៗនៃរដ្ឋ បណ្តាលឲ្យជន់លិចផ្លូវ និងតំបន់លំនៅឋាន។
មន្ត្រីសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ទំនាប និងភៀសខ្លួនចេញពីទីលំនៅ ទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ។
ផ្នែកខ្លះនៅក្នុងរដ្ឋនេះ រួមមានស្រុក Navsari, Kutch, Vadodara និងស្រុក Valsad បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍គ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងភូមិប្រហែល៧.០០០ភូមិ ត្រូវបានរងផលប៉ះពាល់។

ការិយាល័យអាកាសធាតុរដ្ឋ បានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ និងភ្លៀងធ្លាក់ខ្លាំង ដោយបានណែនាំប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងមានការប្រុងប្រយ័ត្នខ្ពស់ជាមុន ជាចាំបាច់។