សមាជិករបស់គណបក្សប្រជាធិបតេយ្យ បានប្តឹងក្រុមមន្ត្រីបោះឆ្នោតនៅរដ្ឋ ចចា (Georgia) កាលពីថ្ងៃចន្ទ (២៦ សីហា) ដោយចោទប្រកាន់ថា ច្បាប់ថ្មីដែលអាចអនុញ្ញាតឱ្យមន្ត្រីក្នុងតំបន់ពន្យារពេលការបញ្ជាក់លទ្ធផលឈ្នះឆ្នោតប្រធានាធិបតីខែវិច្ឆិកា គឺជារឿងខុសច្បាប់ និងអាចនាំឱ្យមានភាពចលាចលក្នុងប្រទេស។

បណ្តឹងនេះត្រូវបានដាក់នៅតុលាការជាន់ខ្ពស់ប្រចាំតំបន់ ហ្វូលថុន (Fulton) ដោយអ្នកនយោបាយប្រជាធិបតេយ្យក្នុងរដ្ឋ Georgia គណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Georgia។ បណ្តឹងនេះលើកឡើងថា ច្បាប់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាបោះឆ្នោតរដ្ឋ Georgia ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋក្នុងខែនេះ គឺមានគោលបំណងផ្តល់ឱ្យមន្ត្រីបោះឆ្នោតតាមតំបន់នីមួយៗនូវសមត្ថភាពក្នុងការពន្យារពេល ឬលុបចោលការបញ្ជាក់នៃលទ្ធផលឆ្នោត។

ពាក្យបណ្ដឹងបន្តថា ច្បាប់ថ្មីនេះ «បង្ហាញពីភាពមិនប្រាកដប្រជាច្រើននៅក្នុងដំណើរការក្រោយបោះឆ្នោត ហើយប្រសិនបើត្រូវបានបកស្រាយដូចដែលពង្រាងបានស្នើមែន នោះអាចឱ្យមានភាពវឹកវរដោយការបង្កើតដំណើរការថ្មីខុសពីកាតព្វកិច្ចច្បាប់ដែលមានស្រាប់»។
គួររម្លឹកថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាបោះឆ្នោតរដ្ឋ Georgia ដែលមានសមាជិក ៥នាក់ រួមមានសមាជិកអភិរក្សនិយម ៣នាក់ដែលត្រូវបានតែងតាំងដោយបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Donald Trump បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៣ទល់នឹង២ ដើម្បីផ្តល់សិទ្ធិអំណាចដល់សមាជិកក្រុមប្រឹក្សាបោះឆ្នោតតំបន់ក្នុងការស៊ើបអង្កេតពីភាពខុសគ្នារវាងចំនួនសន្លឹកឆ្នោត និងចំនួនអ្នកបោះឆ្នោតនៅក្នុងតំបន់នីមួយៗមុនពេលចេញការបញ្ជាក់លទ្ធផល៕