ប្រទេសជប៉ុន បានប្តឹងតវ៉ាយ៉ាងខ្លាំងចំពោះប្រទេសចិន បន្ទាប់ពីយន្តហោះចម្បាំងចិន បានរំលោភចូលដែនអាកាសរបស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ។

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Okano Masataka បានកោះហៅភារធារី នៅស្ថានទូតចិន ក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាចំពោះការឈ្លានពានដែលបានអះអាងជាលើកដំបូងពុំធ្លាប់មានដោយយន្តហោះចម្បាំងចិនចូលទៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុន។ លោក Okano បានទាមទារឱ្យប្រទេសចិន មានវិធានការ ដើម្បីការពារការកើតមានឡើងជាថ្មី។
យោងតាមក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា យន្តហោះប្រមូលការស៊ើបការណ៍សម្ងាត់ Y-9 របស់ចិន បានស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនប្រហែល២នាទី កាលពីព្រឹកថ្ងៃចន្ទ នៅពេលនោះ យន្តហោះកំពុងហោះហើរលើផ្ទៃទឹកភាគអាគ្នេយ៍នៃកោះ Danjo ជាផ្នែកនៃទីក្រុង Goto ក្នុងខេត្ត Nagasaki ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជប៉ុន បានព្រមានថា នេះអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីគំរាមកំហែងដល់ផលប្រយោជន៍របស់ប្រទេសជប៉ុន ទាំងនៅសមុទ្រ និងនៅលើអាកាស។ មន្ត្រីរូបនេះបាននិយាយថា មានការឈ្លានពានជាច្រើនលើក ដោយកងទ័ពជើងទឹកចិន និងឆ្មាំល្បាតឆ្នេរ ដែលបានចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុន។