ប្រជាពលរដ្ឋកម្ពុជា យុវជន មន្ត្រីរាជការ ក៏ដូចជាក្រុមអាជីវករនៅរាជធានីភ្នំពេញ បានបន្តចូលរួមបរិច្ចាគថវិកា រួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោព្រំដែន។ ការចូលរួមបរិច្ចាគនេះ ប្រជាពលរដ្ឋធ្វើវាឡើងដោយពេញចិត្ត និងធ្វើឡើងក្នុងគោលដៅរួមមួយគឺដើម្បីជាតិ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ម្សិលម៉ិញនេះ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន»។ មូលនិធិនេះបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមបរិច្ចាគជាថវិកា ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការកសាង។ ក្រោយបង្កើតមូលនិធិនេះឡើង ជាការកត់សម្គាល់ ប្រជាពលរដ្ឋជាច្រើន ចាប់រាប់ពីយុវជន មន្ត្រីរាជការ ក៏ដូចជាអាជីវករលក់ដូរនៅតាមផ្សារ បានបរិច្ចាគថវិការបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រើប្រាស់ថវិកាទាំងនោះ ដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន។
ទន្ទឹមនឹងការគាំទ្រ និងចូលរួមបរិច្ចាគជាថវិកានេះ ពួកគេក៏សំណូមពរឱ្យ ប្រជាពលរដ្ឋដទៃទៀត ចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាព។ បរិច្ចាគ ដើម្បីជាផលប្រយោជន៍ជារួម។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាពអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ គឹម ហុក







