បាល់ទាត់៖ ខ្សែបម្រើក្រុមហង្សក្រហម Liverpool, Harvey Elliott បានទទួលការវះកាត់ជោគជ័យហើយលើរបួសកជើងរបស់ខ្លួននៅថ្ងៃអង្គារម្សិលម្សិលនេះ ហើយនឹងអាចវិលចូលទីលានវិញបានក្នុងរដូវកាលនេះ នេះបើតាមការបញ្ជាក់របស់ក្លិប។

កីឡាករវ័យ ១៨ឆ្នាំរូបនេះត្រូវបានសែងចេញអំឡុងការប្រកួតយកឈ្នះ Leeds United ៣-០ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប៉ះទង្គិចខ្លាំងជាមួយខ្សែការពារ Leeds, Pascal Struijk ដែលត្រូវបានបណ្តេញចេញ។ Harvey Elliiott ក្រោយមកក៏ត្រូវបានឱ្យដឹងថា មានរបួសបាក់កជើងខាងឆ្វេង។ Mohamed Salah ដែលនៅជិត Elliott បំផុតពេលមានរបួសនោះបានបង្ហាញពីភាពស្លន់ស្លោ និងតក់ស្លុតនៅពេលឃើញកជើងរបស់ Elliott បាក់ភ្លាមៗក្រោយការប៉ះទង្គិចជាមួយ Pascal Struijk នោះ។
ជាមួយគ្នានោះដែរ Pascal Struijk ដែលទទួលបានកាតក្រហមនោះ Leeds ក៏បានប្តឹងតវ៉ាដែរតែបរាជ័យ។ Harvey Elliott ថែមទាំងបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ខ្លួនផងដែរថា នេះមិនមែនជាកំហុសរបស់ Pascal Struijk ឡើយ នេះជាហេតុការដែលកើតឡើងក្នុងបាល់ទាត់ គ្មាននរណាចង់ឱ្យមានរឿងបែបនេះកើតឡើងឡើយ។ បើតាមការបញ្ជាក់របស់ Liverpool ឱ្យដឹងថា Harvey Elliott នឹងជាទាន់ក្នុងរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ