ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់ បានធ្វើដំណើរមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាប្រតិបត្តិករជាតិឈាន មុខគេក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជម្រាបជូនគណៈប្រតិភូពីប្រវត្តិសង្រ្គាម និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវឌ្ឍនភាពសកម្ម ភាពមីនរបស់កម្ពុជា រួមជាមួយសមិទ្ធផលដែលអង្គភាពស៊ីម៉ាក់សម្រេចបានក្នុងរយៈពេលជាង៣២ឆ្នាំ។ ជាមួយគ្នានេះផងដែរឯកឧត្តម ហេង រតនា ក៏បានជម្រាបពីកម្លាំងបោសសម្អាតមីនដែលអង្គភាពបាននឹងកំពុងប្រតិបត្តិការទាំងលើគោក និងក្នុងទឹក រួមជាមួយការចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលសកម្មភាពមីនជាអន្តរជាតិដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌផងដែរ។
ជាការឆ្លើយតបលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្ម ភាពមីនអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ដែលបានទទួលស្វាគមន៍ និងចែករំលែកបទពិសោធន៍ដ៏ល្អៗ និងមានសារប្រយោជន៍ក្នុងវិស័យសកម្មភាពមីន។ ការនេះគឺជាធាតុចូលដែលប្រទេសរបស់លោកអាចនឹងយកទៅអនុវត្ត ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ដូចអ្វីដែលអង្គភាពកំពុងអនុវត្ត។
ក្រៅពីបានស្នើសុំឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង គណៈប្រតិភូ អញ្ជើញទៅទស្សនាប្រទេសអាស៊ែបៃហ្សង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសកម្មភាពបន្ថែមទៀតនោះលោកVugar Suleymanov ក៏លេីកសំនូមពរក្នុងការពង្រឹងសហប្រតិបត្តិការវិស័យសកម្មភាពមីន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ។
សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង ចម្ការមីននៅខេត្តបាត់ដំបង និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបផងដែរ៕ អត្ថបទ,ភារម្យ






