មន្ទីរពេទ្យរដ្ឋ សៅប៉ូឡូ (Sao Paulo) បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថា ករណីសង្ស័យថាមានផ្ទុកវីរុសអុតស្វាថ្មី ឬហៅថាវីរុសអ៊ឹមផក (Mpox) នៅក្នុងអ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសប្រេស៊ីល ទំនងជាជំងឺអុតស្វាយប៉ុណ្ណោះ ខណៈក្រុមមន្ត្រីសុខាភិបាលនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះប្រភេទអុតស្វាថ្មីដែលបង្កឱ្យមានការព្រួយបារម្ភជាសកល។

មន្ទីរពេទ្យជំងឺឆ្លងរបស់រដ្ឋ ឈ្មោះ អេមីលីអូ រីបាស (Emilio Ribas) បាននិយាយថា ជំងឺអុតស្វាយគឺជាសម្មតិកម្មចម្បងសម្រាប់ករណីដែលបានរាយការណ៍ ហើយការធ្វើតេស្តមន្ទីរពិសោធន៍នឹងបញ្ជាក់ពីជំងឺពិតប្រាកដរបស់អ្នកឆ្លងនោះនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
និយតករសុខភាព និងអនាម័យរបស់ប្រេស៊ីល អាន់វីសា (Anvisa) បាននិយាយថា អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋាន Sao Paulo ដែលស្ថិតក្នុងចំណោមអ្នករង់ចាំស្នើសុំស្ថានភាពជនភៀសខ្លួន បានបង្ហាញ «អាការៈ និងរោគសញ្ញាដែលត្រូវគ្នាជាមួយជំងឺអុតស្វា»។
អង្គការសុខភាពពិភពលោក (WHO) ក្នុងខែនេះបានប្រកាសថា ជំងឺអុតស្វា ឬអ៊ឹមផក ជាគ្រាអាសន្នសុខភាពសាធារណៈសកលជាលើកទីពីរក្នុងរយៈពេល ២ឆ្នាំ ដោយសារប្រភេទវីរុសថ្មីនេះរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក។ ក្រសួងសុខាភិបាលប្រេស៊ីលនិយាយថា ករណីវីរុសអុតស្វាថ្មី ដែលបានបញ្ជាក់ ឬសង្ស័យមានជាង ៧០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសក្នុងឆ្នាំនេះ ប៉ុន្តែទាំងអស់នោះមិនមែនជាប្រភេទបំប្លែងថ្មីនោះទេ៕