នគរបាលនៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានចាប់ខ្លួនមនុស្សជាង ១.៦០០នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មដ៏ធំមួយ។

នៅថ្ងៃអង្គារនេះ អាជ្ញាធរ បានបង្ហាញថា ការចាប់ខ្លួនមនុស្ស ១. ៦១១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានធ្វើឡើង ហើយគ្រឿងញៀនដែលមានតម្លៃសរុប ៩៣លានដុល្លារអូស្ត្រាលី (៦២,៩ លានដុល្លារអាមេ រិក) ត្រូវបានរឹបអូស នៅចន្លោះថ្ងៃទី ១៩-២៣ ខែសីហា ក្នុងសកម្មភាពមួយសប្តាហ៍ ដែលកំណត់គោលដៅទៅលើការជួញដូរគ្រឿងញៀនខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង នៅក្នុងប្រទេសទាំងពីរនេះ។
ដីកាឆែកឆេរសរុបចំនួន ៥២៨ដីកា ត្រូវបានអនុវត្តនៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ក្រោមប្រតិបត្តិការវីទ្រៀស ( Vitreus ) ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងកងកម្លាំងនគរបាលរដ្ឋ និងដែនដីអូស្ត្រាលីទាំងអស់ ព្រមទាំងភ្នាក់ងារសហព័ន្ធ និងនគរបាលនូវែលសេឡង់។
នគរបាល បានធ្វើការចោទប្រកាន់មនុស្ស ចំនួន ២.៦៩២ទាក់ទងនឹងគ្រឿងញៀន ក្នុងកំឡុងប្រតិបត្តិការនេះ និងរឹបអូសបានកាំភ្លើងចំនួន ៧១ដើម និងសាច់ប្រាក់ជាង ២,២លានដុល្លារអូស្ត្រាលី (១,៤លានដុល្លារអាមេរិក)។