អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា មានការជាប់ពាក់ព័ន្ធក្នុងសង្គ្រាម រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោក បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេ រិកជុំវិញការផ្តល់គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតរបស់ក្រុងព្យុងយ៉ាង ដល់ទីក្រុងមូស្គូ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានធ្វើការចោទប្រកាន់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរថាតើទីក្រុងព្យុងយ៉ាង អាចធានាបាននូវមីស៊ីល គ្រប់គ្រាន់សម្រាប់ជើងទម្របាញ់ចំនួន ២៥០គ្រឿង ដែលខ្លួនបាននិយាយថា នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ជួរមុខនោះបានដែរឬទេ។

លោកបាននិយាយថា៖«ខ្ញុំមិនមានព័ត៌មានណាមួយដើម្បីផ្តល់នៅក្នុងលក្ខខណ្ឌជាក់លាក់ដែលកូរ៉េខាងជើងផ្តល់មីស៊ីល ឬជើងទម្របាញ់ដល់ប្រទេសរុស្ស៊ី ក្រៅពីនិយាយថា យើងដឹងថា រុស្ស៊ី និងកូរ៉េខាងជើងមានទំនាក់ទំនង ដែលកំពុងរីកចម្រើននេះ ដោយពួកគេបានផ្តល់សមត្ថភាព រួមទាំងគ្រាប់រំសេវដល់រុស្ស៊ីសម្រាប់ការងារនៅអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញម្តងទៀតនូវការពិតដែលថា កូរ៉េខាងជើង មានការពាក់ព័ន្ធក្នុងការលុកលុយខុសច្បាប់របស់រុស្ស៊ី»។
ដោយត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើការបង្ហាញនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើងអំពីអ្វីដែលប្រទេសនេះហៅថា«យានដ្រូនអត្តឃាត»នោះ លោក Ryder បាននិយាយថា លោកមិនមានអ្វីផ្តល់ឲ្យទេ។