កូរ៉េខាងត្បូង បានបង្កើនមូលនិធិសម្រាប់អ្នករត់ចោលស្រុកកូរ៉េខាងជើង ដើម្បីគាំទ្រការតាំងទីលំនៅដំបូងរបស់ពួកគេ ដែលជាផ្នែកមួយនៃសំណើថវិការបស់ខ្លួនសម្រាប់ឆ្នាំក្រោយ ស្របតាមផែនការបង្រួបបង្រួមថ្មីរបស់ខ្លួន។

សំណើសុំថវិការបស់ក្រសួងបង្រួបបង្រួមដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ បានឈានដល់ ១,៥៥ សែនកោដិវ៉ុន (១,១៧ ពាន់លានដុល្លារ) ធ្លាក់ចុះ៣,៧ ភាគរយ ពីឆ្នាំនេះ។
ទោះបីជាមានការថយចុះជារួមក៏ដោយ ក៏ក្រសួង បានជំរុញការផ្តល់ជំនួយជាមូលដ្ឋានសម្រាប់អ្នករត់ចោលស្រុកកូរ៉េខាងជើងចំនួន ៥០ភាគរយ ដោយបង្កើនវាពី ១០លានវ៉ុនដល់ ១៥លានវ៉ុន។ សំណើសុំថវិការបស់ក្រសួង គឺអាស្រ័យលើការអនុម័តពីសភា។

មន្ត្រីក្រសួង បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«សំណើសុំថវិកានៅឆ្នាំក្រោយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ខណៈពេលដែលធានាថា គំនិតផ្តួចផ្តើមសំខាន់ៗចំនួន ៧ដែលបានលើកឡើងដោយលោកប្រធានាធិបតី យូន សុក យ៉ូល (Yoon Suk Yeol) នៅក្នុង«គោលការណ៍បង្រួបបង្រួមថ្ងៃទី ១៥ ខែសីហា» ត្រូវបានអនុវត្តដោយគ្មានការរំខានឡើយ»។