យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កងកម្លាំងរបស់របបសឹកមីយ៉ាន់ម៉ា ជិតត្រូវបានបណ្តេញចេញពីរដ្ឋ រ៉ាឃីន (Rakhine) នៅចុងភាគខាងលិចជាប់ព្រំដែនប្រទេសបង់ក្លាដែស ដែលបង្ហាញពីការបាត់បង់យោធាដ៏ធំបំផុតមួយចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលនាំឱ្យមានជម្លោះស៊ីវិលជាថ្មីនៅទូទាំងប្រទេស។

ក្រុមវិបត្តិអន្តរជាតិ (International Crisis Group) បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃអង្គារ (២៧ សីហា) នេះថា កងទ័ព អារ៉ាកាន (Arakan) បានវាយរុលយ៉ាងរហ័សនៅទូទាំងរដ្ឋ រ៉ាឃីន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ហើយគ្រោងនឹងបង្កើតតំបន់ដ៏ធំបំផុតតែមួយគត់ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចចាប់តាំងពីរដ្ឋប្រហារ។

ដោយបង្កើតឡើងនៅតំបន់ព្រំដែននៃប្រទេសចិន ក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនេះទទួលខុសត្រូវចំពោះការចាញ់ប្រៀបដ៏ធំក្នុងសមរភូមិមួយចំនួនរបស់របបសឹកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជ័យជម្នះរបស់ពួកគេកំពុងលើកទឹកចិត្តដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងទៀត និងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ឱ្យប្រឹងប្រែងផ្ដួលរំលំរបបយោធាដែលដឹកនាំដោយលោក មីន អ៊ុងល៉ាំង (Min Aung Hlaing)។

របាយការណ៍ផ្សេងទៀតបង្ហាញថា យោធាបានបាត់បង់ការគ្រប់គ្រងលើទីប្រជុំជនភាគច្រើនរបស់ប្រទេស ហើយនៅក្នុងខែកក្កដា របបសឹកបានបន្តគ្រាអាសន្នម្តងទៀត ខណៈស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ កងទ័ព Arakan បានទទួលជ័យជម្នះសំខាន់ៗនៅតាមតំបន់ឆ្នេររបស់រដ្ឋ រ៉ាឃីន ហើយឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារទីក្រុង ស៊ីតវ៉េ (Sittwe) ដែលជារដ្ឋធានីរបស់រដ្ឋ។ គោលដៅសំខាន់គឺទីប្រជុំជនកោះ ខ្យ៉ាវព្យូ (Kyaukphyu) ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ចិនជាច្រើន៕