ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យអប់រំ”, អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរក្រុមការងារ ក៏ដូចជាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣។
ជាបន្ត ឯកឧត្តមបណ្ឌិត បានអនុញ្ញាតិជូនលោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.អ.ស.ស. និងជាអនុប្រធាននាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ធ្វើបទបង្ហាញ ដែលផ្តោតលើ៖១)- ក្រុមគោលដៅនៃវិស័យអប់រំនៅកម្ពុជា ២)- ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចំណេះទូទៅនិងអប់រំបច្ចេកទេស ៣)- ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ៤)- ការអប់រំផ្សព្វផ្សាយដល់យុវជនតាមគ្រឹះស្ថានសិក្សា ៥)- បរិវត្តកម្មឌីជីថលកម្មវិធីសិក្សា និង៦)- បញ្ហាប្រឈមនិងដំណោះស្រាយ។
ជាបន្ត ឯកឧត្តមបណ្ឌិត បានអនុញ្ញាតិឱ្យមានកិច្ចពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងមានសំណូមពរពីលោកស្រី លីនដា (តំណាងCNPUD) សូមឱ្យមានការផ្សព្វផ្សាយក្នុងសាលា ពេលមានសាលាមានការជួបជុំជាមួយអាណាព្យាបាល។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ ចាប់ផ្តើមផ្សព្វផ្សាយដោយផ្ទាល់ក្នុងកម្រិតមហាវិទ្យាល័យសម្រាប់និស្សិត និងបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលសម្រាប់កម្មវិធីអប់រំសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ តាមសិក្សាបានបង្ហាញថានូវការមាក់ងាយ និងរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ ដូចនេះការបណ្តុះបណ្តាល និងផ្សព្វផ្សាយ ត្រូវបញ្ចូលការអប់រំពីការមាក់ងាយ និងរើសអើង និងសូមមន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា របស់រាជធានី ខេត្ត សហការចូលរួមអប់រំ ផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងវិទ្យាល័យ៕
អត្ថបទ រដ្ឋា





