កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដើម្បីត្រួតពិនិត្យតាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នៅបរិវេណវត្តធម្មបញ្ញាមហាព្រហ្ម ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
វេទិកាសាធារណៈនាឱកាសនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឃុំដំណាក់រាំងសរុប ២៦០រូប។
លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យមានប្រសាសន៍ថា វេទិកាសាធារណៈនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល និងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋនៅមូលដ្ឋានបង្ហាញពីកង្វល់ និងសំណូមពរ។ លោកជំទាវបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្ហាញពីកង្វល់ដែលខ្លួនជួបប្រទះ និងលើកឡើងនូវសំនួរ ឬសំណូមពរ ដើម្បីក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានអាចដោះស្រាយជូនបានទាន់ពេលវេលា។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ នឹងបន្តរៀបចំវេទិកាសាធារណៈនៅឃុំដទៃទៀតក្នុងស្រុកសាមគ្គីមុនីជ័យ ដើម្បីត្រួតពិនិត្យតាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបានជួបប្រាស័យជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានដោយផ្ទាល់ផងដែរ៕
