ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី២៦ ខែសីហា) បានច្រានចោលមិនតែងតាំងរដ្ឋាភិបាលក្រុមឆ្វេងនិយម ដើម្បីបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសនេះនោះឡើយ ដោយលើកឡើងថា វានឹងជាការគំរាមកំហែងដល់ «ស្ថិរភាពស្ថាប័ន»។
លោក Macron បាន និងកំពុងស្វែងរកកិច្ចចរចាជុំជាបន្តបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ចាប់តាំងពីការបោះឆ្នោត កាលពីខែកក្កដា បានផ្តល់ឲ្យសម្ព័ន្ធភាពឆ្វេងនិយមនូវអាសនៈភាគច្រើន នៅក្នុងសភា ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនោះឡើយ។ ហើយលោកប្រធានាធិបតី បានច្រានចោលការទាមទាររបស់ក្រុមឆ្វេងនិយម ដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីមាននូវកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ ជាមួយលោកស្រី Marine Le Pen និងមេដឹកនាំនយោបាយដទៃទៀត។
បើទោះបីសេចក្ដីរាយការណ៍មួយចំនួន បានលើកឡើងថា លោក Macron មានបំណងចង់តែងតាំងនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះក៏ដោយ ក៏លោកប្រធានាធិបតី បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងចាប់ផ្តើមការចរចាថ្មីមួយនៅថ្ងៃអង្គារនេះ ហើយបានអំពាវនាវឲ្យភាគីនានាចូលរួមសហការ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Macron បានប្រាប់ថា៖ «ទំនួលខុសត្រូវរបស់ខ្ញុំ គឺថា ប្រទេសនេះមិនត្រូវបានរាំងស្ទះ ឬធ្វើឲ្យចុះខ្សោយនោះឡើយ»។
គួរបញ្ជាក់ថា ការបោះឆ្នោតខែកក្កដា បានធ្វើឲ្យរដ្ឋសភាដែលមានអាសនៈចំនួន ៥៧៧អាសនៈ ត្រូវបានបែងចែក រវាងគណបក្ស New Popular Front (NFP) របស់ក្រុមឆ្វេងនិយម ដែលមានជាង ១៩០អាសនៈ តាមមកដោយសម្ព័ន្ធភាពកណ្តាលរបស់លោក Macron ដែលមានប្រហែល ១៦០អាសនៈ និងគណបក្សរួបរួមជាតិ (NR) របស់លោកស្រី Le Pen ដែលមាន ១៤០អាសនៈ៕