កំពង់ស្ពឺ៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងអ្នកដែលបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមថែទាំផ្លូវដែលរាជរដ្ឋាភិបាលបានស្ថាបនាឡើងតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ការក្រើនរំឭកដូច្នេះ ធ្វើឡើងគ្រាដែលឯកឧត្តមដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំ (លេខDRR-RM-2024-No 035) ប្រើប្រាស់ថវិកាជំពូក៦១លើផ្លូវចំនួន១៥ខ្សែ ដោយធ្វើការថែទាំលក្ខណៈប្រចាំមានក្រាលកៅស៊ូ២ជាន់ និងគ្រួសក្រហម ល្បាយគ្រួសក្រហម ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង ស្រុលថ្ពង ស្រុកឱរ៉ាល់និងស្រុកភ្នំស្រួច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវគ្រួសក្រហមដែលគណកម្មការអន្តរក្រសួងចុះពិនិត្យវាយតំលៃមានចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកចំនួន៥ គឺស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង ស្រុលថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ ។ ផ្លូវទាំង១៥ខ្សែគឺបានធ្វើការថែទាំលក្ខណៈប្រចាំមានក្រាលកៅស៊ូ ២ជាន់ ចំនួន៣ខ្សែ ប្រវែងសរុបជាង៥៧គីឡូម៉ែត្រទទឹង៦ម៉ែត្រ និងផ្លូវថែទាំលក្ខណៈប្រចាំក្រាលគ្រួសក្រហមនិងល្បាយគ្រួសក្រហមចំនួន ១២ខ្សែប្រវែងសរុបជាង១២០ គីឡូម៉ែត្រ ។ ផ្លូវទាំង១៥ខ្សែនេះ បានសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន របស់ប្រជាពលរដ្ឋទូទាំងខេត្ត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺប្រើប្រាស់ថវិកាជំពូក៦១ ។
ឯកឧត្តម ទ្រី មេង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរំលឹកពីស្ថានភាពភូមិសាស្ត្រនៃស្រុកទាំង៥ខាងលើថា កាលដើមឡើយ គឺជាស្រុកដែលរងគ្រោះដោយការប្រទាញប្រទង់គ្នាដោយចុងអាវុធ គ្មានពេលវេលាក្នុងការអភិវឌ្ឍប្រជាពលរដ្ឋធ្វើដំណើរទៅមកបានត្រឹមតែរទេះគោ ឬម៉ូតូប៉ុណ្ណោះ ។
ឯកឧត្តមបន្តថា តែក្រោយទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នឈ្នះ និងក្រោមការគិតគូរបស់រាជរដ្ឋាភិបាល បានធ្វើការស្ថាបនាផ្លូវពីទីប្រជុំជនរហូតដល់ទីជនបទជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនផល អនុផលដែលបងប្អូនប្រជាពលរដ្ឋធ្វើបានមកកាន់ទីផ្សារ ។
ឯកឧត្តម ទ្រី មេង បានគូសបញ្ជាក់បន្ថែមថា តាមរយៈការគិតគូនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនានិងស្តារឡើងវិញនូវផ្លូវជនបទទាំងអស់ក្នុងខេត្តកំពង់ស្ពឺខ្លះជាផ្លូវកៅស៊ូ ខ្លះជាផ្លូវក្រាលគ្រួសក្រហម ល្បាយគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ ហើយក្រោយការស្ថាបនា និងស្តារបានរួចរាល់ ពិសេសផ្លូវទាំង១៥ខ្សែនេះ និងជួយជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនផល អនុផលដែលពួកគាត់ធ្វើបានយកមកកាន់ទីផ្សារ ហើយពិសេសជាងនេះគឺធ្វើឱ្យអចលនទ្រព្យរបស់ពួកគាត់ឡើងថ្លៃបន្ថែមមួយកម្រិតទៀតផងដែរ ៕




