ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចពិគ្រោះយោបល និងប្រមូលធាតុចូលផ្សេងៗ ពីគ្រប់ភាគីនានា ដើម្បីបង្កើតសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្ខាសាលាប្រមូលធាតុចូលនេះពិតជាសារៈសំខាន់ និងអាចនិយាយបានថា ជាការចូលរួមជាប្រវត្តិសាស្ត្រ ពីព្រោះសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ ត្រូវបានរៀបចំតាក់តែងដោយផ្អែកលើបទពិសោធន៍ការងារកន្លងមក និងស្របតាមបរិបទនៃការវិវត្តន៍ របស់សង្គមជាតិ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះ ឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ត្រូវបានរៀបចំតាក់តែងដំបូង នៅឆ្នាំ២០១៩ដោយក្រុមការងារច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានបញ្ចូលបទបញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីបន្ត ដែលត្រូវបានរៀបចំឡើង ដោយក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី និងក្រសួងយុត្តិធម៌ក្រោមជំនួយបច្ចេកទេសពីទីភ្នាក់ងារ JICA ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានសម្រេចផ្ញើសេចក្តីព្រាងច្បាប់នេះជូនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥រូប អភិបាល នៃគណៈអភិបាលក្រុងស្រុកខណ្ឌចំនួន ២០៩រូប មេឃុំចៅសង្កាត់ចំនួន ១ ៦៥២រូប និងអង្គការមិនមែនរាជរដ្ឋាភិបាល ពាក់ព័ន្ធចំនួន៦រូប ដើម្បីពិនិត្យ និងផ្ដល់យោបល់ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងច្បាប់ ភូមិបាលថ្មីនេះ ស្របតាមបរិបទថ្មី មានភាពជាក់ស្ដែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀ តនិងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលស្វែងយល់ និងងាយអនុវត្ត ៕
អត្ថបទ បាន សុខរិទ្ធិ







