អង្គការសហប្រជាជាតិ (UN) អ៊ីស្រាអែល និងអាជ្ញាធរសុខាភិបាល ក្នុងតំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងជាង ១,២លានដូស បានទៅដល់តំបន់ហ្កាហ្សាស្ទ្រីបហើយ កាលពីថ្ងៃចន្ទ (ទី២៦ ខែសីហា) ដែលជាការត្រៀមរៀបចំនូវកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូទូលាយ ក្នុងការចាក់ថ្នាំបង្ការដល់កុមារប៉ាឡេស្ទីនជាង ៦៤០.០០០នាក់ និងទប់ស្កាត់ការផ្ទុះឡើងដែលអាចកើតមាន។
វ៉ាក់សាំងបានបញ្ចូនទៅដល់ហើយ បន្ទាប់ពីករណីនៃជំងឺនេះ នៅដែនដីនេះ ត្រូវបានបញ្ជាក់ក្នុងខែសីហា ដែលជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ។
អង្គការយូនីសេហ្វ ដែលជាមូលនិធិកុមាររបស់ UN បាននិយាយថា ខ្លួនកំពុងផ្តល់ថ្នាំបង្ការ ដោយសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារជំនួយ និងការងាររបស់ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) និងក្រុមផ្សេងទៀត។ មន្ត្រី UNRWA បានប្រាប់ថា ពួកគេសង្ឃឹមថា នឹងផ្តល់វ៉ាក់សាំងដំបូងដល់កុមារ នៅតំបន់ហ្កាហ្សា ចាប់ពីថ្ងៃទី៣១ ខែសីហា។
ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា លោក Sam Rose មន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារនេះ បាននិយាយថា យុទ្ធនាការនេះនឹងក្លាយជា «ប្រតិបត្តិការដ៏លំបាកមួយ ហើយភាពជោគជ័យ ក្នុងការចែកចាយ នឹងពឹងផ្អែកខ្លាំងទៅលើលក្ខខណ្ឌនៅលើដី នាពេលនោះ»។
ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ទេថា វ៉ាក់សាំងអាចត្រូវចែកចាយដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៅតំបន់ហ្កាហ្សាបានលឿនប៉ុនណា ជាពិសេសបន្ទាប់ពី UN បាននិយាយកាលពីថ្ងៃទី២៦ ខែសីហាថា ប្រតិបត្តិការមនុស្សធម៌របស់ខ្លួន ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីយោធាអ៊ីស្រាអែលបានបញ្ជាឲ្យមានការជម្លៀស នៅទីក្រុង Deir al-Balah ជាកន្លែងដែលទីភ្នាក់ងារនេះ មានប្រតិបត្តិការសំខាន់របស់ខ្លួន៕