ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បាននិយាយថា ខ្លួននឹងកំណត់ចំនួននិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន នៅត្រឹមចំនួន ២៧០.០០០នាក់ សម្រាប់ឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលត្រូវការទប់ស្កាត់ចំនួនឡើងខ្ពស់បំផុតនៃជនអន្តោប្រវេសន៍ ដែលបានរួមចំណែកដល់ការឡើងថ្លៃនៃតម្លៃជួលផ្ទះ។
ការសម្រេចនេះកើតមានឡើងបន្ទាប់ពីមាននូវវិធានការមួយចំនួន ចាប់តាំងពីឆ្នាំមុន ដើម្បីបញ្ចប់សម្បទានសម័យជំងឺកូវីដ-១៩ សម្រាប់និស្សិត និងកម្មករបរទេស នៅក្នុងប្រទេសអូស្ត្រាលី ដែលបានរួមចំណែកជួយដល់អាជីវកម្មជ្រើសរើសបុគ្គលិក ក្នុងស្រុក ខណៈការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង បានបន្តទប់ស្កាត់មិនឲ្យកម្មករក្រៅស្រុកចូលក្នុងប្រទេសបាន។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jason Clare បានប្រាប់សន្និសីទសារព័ត៌មានថា៖ «មាននិស្សិតអន្តរជាតិបន្ថែមទៀតប្រហែល ១០ភាគរយ នៅក្នុងសាកលវិទ្យាល័យរបស់យើង នាពេលបច្ចុប្បន្ននេះ ដែលជាចំនួនច្រើនជាងមុនពេលមានជំងឺរាតត្បាត ហើយមានបន្ថែមទៀតប្រហែល ៥០ភាគរយ នៅក្នុងកន្លែងអ្នកផ្តល់វិជ្ជាជីវៈ និងបណ្តុះបណ្តាលឯកជនរបស់យើង»។ លោក Clare បានបញ្ជាក់បន្ថែមថា កំណែទម្រង់នេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យវិស័យនិស្សិតអន្តរជាតិមានភាពល្អប្រសើរ និងយុត្តិធម៌ ហើយនេះនឹងបង្កើតបាននូវការបោះជំហានឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពបន្ថែមទៀត។
គួរបញ្ជាក់ថា ការអប់រំអន្តរជាតិ គឺជាឧស្សាហកម្មនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី ហើយផ្ដល់នូវទឹកប្រាក់ ៣៤,៤ពាន់លានដុល្លារអូស្ត្រាលី (២៤,៧ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ច ក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣។ ចំនួនអន្តប្រវេសន៍ខ្ពស់បំផុត ដែលត្រូវជំរុញដោយចំនួននិស្សិតមកពីប្រទេសឥណ្ឌា ចិន និងហ្វីលីពីន បានជួយពង្រីកការផ្គត់ផ្គង់កម្លាំងពលកម្ម និងទប់សម្ពាធប្រាក់ឈ្នួល ប៉ុន្តែកម្រិតនោះបានធ្វើឲ្យទីផ្សារលំនៅឋានកាន់តែធ្ងន់ធ្ងរជាងមុន៕