នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ការវាយប្រហាររបស់ក្រុមជីវពលផ្តាច់ខ្លួននៅខេត្តភាគនិរតី Balochistan ប្រទេសប៉ាគីស្ថាន មានគោលដៅចង់រារាំអគម្រោងអភិវឌ្ឍន៍ដែលរួមចំណែកក្នុងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន(CPEC) ។
ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សជាង ៧០នាក់នេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយក្រុមជីវពលដែលព្យាយាមបំបែកខេត្តសម្បូរធនធានមួយនេះ និងជាតំបន់គម្រោងអភិវឌ្ឍន៍ដឹកនាំដោយចិន ដូចជាកំពង់ផែ និងអណ្តូងរ៉ែមាស និងស្ពាន់ ។
នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ទៅកាន់គណៈរដ្ឋមន្រ្តី លោក Sharif និយាយថា ក្រុមជីវពលចង់បញ្ឈប់គម្រោង CPEC និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ហើយក្រុមជីវពលមួយនេះ ចង់ផ្តាច់ចំណងកិច្ចសហប្រតិបត្តិការរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង ។
គួរឲ្យដឹងថា ប្រទេសប៉ាគីស្ថាន គ្មានសមត្ថភាពកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលបានធនធានរ៉ែនៅខេត្ត Balochistan នោះទេ ហើយពួកគេបានពឹងពាក់ជំនួយចិន ដើម្បីអភិវឌ្ឍខេត្តក្រីក្រមួយនេះ ៕