លោក Jake Sullivan គឺជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបពិភាក្សាការងារជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិនលោក Wang Yi នៅទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ដែលជាការចាប់ផ្តើមកិច្ចប្រជុំរយៈពេលច្រើនថ្ងៃមានគោលដៅរម្ងាប់ភាពតានតឹងរវាងប្រទេសមហាអំណាចទាំង ២ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយមុខក្រុមអ្នកសារព័ត៌មានមុនជំនួបបិទទ្វារ លោក Wang បានចាត់ទុកទំនាក់ទំនងចិន-សហរដ្ឋអាមេរិកថាសំខាន់ ដោយមានឥទ្ធិពលលើពិភពលោក និងត្រូវចេះបត់បែន ហើយលោកសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងបោះជំហានឆ្ពោះទៅរកលក្ខខណ្ឌអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សុខភាព និងចីរភាព ។
ដោយឡែក លោក Sullivan និយាយថា ពួកគេទាំង ២ នឹងជជែកគ្នាលើការខ្វែងគំនិតគ្នាដែលត្រូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព និងច្បាស់លាស់ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Sullivan គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៦ ។ លោកតែងតែមានជំនួបញឹកញាប់ជាមួយលោក Wang ដោយមានគោលដៅគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំង ២ ហើយពួកគេបានជួបគ្នាលើកចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែមករាកន្លងទៅ ៕