អតីតអ្នកការទូតកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិងកំពុងបង្កើតរជ្ជកាលនៃភេរវកម្ម ខណៈដែលជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងជើងធម្មតា បានឆ្លងកាត់របបមូលធននិយម តាមរយៈការហូរចូលនៃព័ត៌មានពីខាងក្រៅ។
លោក Ri Il-gyu អតីតទីប្រឹក្សាកិច្ចការនយោបាយនៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសគុយបា បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្ទរកថាពិសេសមួយ នៅលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព។
លោក Ri បាននិយាយថា៖«ជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងជើងធម្មតា បានឆ្លងកាត់របបមូលធននិយម។ នោះហើយជាមូលហេតុដែលលោក គីម ជុងអ៊ុន បានចាប់ផ្តើមរជ្ជកាលភេរវកម្ម»។
អតីតអ្នកការទូតរូបនេះ បាននិយាយថា ក្រុមឥស្សរជននៅក្នុងប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមមានអារម្មណ៍ មិនសប្បាយចិត្តជាមួយនឹងរបបក្រោមការគ្រប់គ្រងរបស់លោក គីម ជុងអ៊ុល (Kim Jong-il) ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ននេះ។
លោក គីម ជុងអ៊ុន បានឡើងកាន់អំណាច នៅចុងឆ្នាំ ២០១១ បន្ទាប់ពីឪពុករបស់គាត់ បានស្លាប់ដោយសារជំងឺខ្សោយបេះដូង។