អង្គការសហប្រជាជាតិ(UN) បាននិយាយថា តំបន់ភាគខាងកើតប្រទេសស៊ូដង់ នៅលិចលង់ ក្រោយទឹកជំនន់ពីការបាក់ទំនប់ ហូរកាត់ភូមិយ៉ាងហោច ២០កន្លែង និងបានសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ ស្របពេលដែលប្រទេសមួយនេះ ញាំញីរួចទៅហើយដោយសារសង្រ្គាមស៊ីវិល ។
ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ធ្វើឲ្យបាក់ទំនប់ Arbaat កាលពីថ្ងៃអាទិត្យ ស្ថិតនៅចម្ងាយប្រហែល ៤០គ.មប៉ុណ្ណោះ ភាគខាងជើងទីក្រុង Port Sudan ដែលជាបណ្តុំវិស័យការទូត ទីភ្នាក់ងារជំនួយ និងជាកន្លែងមនុស្សជម្លៀសខ្លួនរាប់ម៉ឺននាក់ ស្នាក់នៅ ។
នៅតាមផ្លូវទៅកាន់ទំនប់ទឹក Arbaat រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញមនុស្សបញ្ចុះសាកសពបុរសម្នាក់ និងគ្របផ្នូររបស់គាត់ដោយឈើងាប់ ដើម្បីការពារការហូរច្រោះពីបំណាក់ភក់ ។
UN និយាយថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រហែល ៥ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ។
ទំនប់ទឹកនេះ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទីក្រុង Port Sudan ជាទីដែលមានកំពង់ផែសមុទ្រក្រហម និងអាកាសយានដ្ឋាន និងជាកន្លែងទទួលបានការចែកចាយជំនួយភាគច្រើនរបស់ប្រទេសស៊ូដង់ ។
ក្រុមមន្រ្តីនិយាយថា ទំនប់ទឹកចាប់ផ្តើមបាក់ អំឡុងភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ៕