ប្រមុខទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) លោក Rafael Grossi នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បានទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងម៉ូស្គូ និយាយថា ត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយកងកម្លាំងអ៊ុយក្រែន ដែលមានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រ បន្ទាប់ពីដណ្ដើមបានចំណែកនៃដែនដីរបស់រុស្ស៊ី។
សុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ ត្រូវបានគំរាមកំហែងម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃសង្រ្គាមអ៊ុយក្រែន ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានរាប់ពាន់នាក់ឆ្លងកាត់ព្រំដែនចូលទៅអ៊ុយក្រែន។
ទីក្រុងមូស្គូ និងទីក្រុងគៀវ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារដោយយានដ្រូន និងកាំភ្លើងធំលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តែការលុកលុយកាលពីថ្ងៃទី៦ ខែសីហា ដោយកងកម្លាំងអ៊ុយក្រែនចូលទៅក្នុងដែនដីរុស្ស៊ី បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើរោងចក្រ នៅតំបន់ Kursk ដែលជាស្ថានីយ៍ដ៏សំខាន់សម័យសូវៀត។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមវាយប្រហាររោងចក្រ នៅតំបន់ Kursk ពោលគឺជារោងចក្រមានការរចនាដូចគ្នាទៅនឹងរោងចក្រនុយក្លេអ៊ែរ Chornobyl ដែលក្នុងឆ្នាំ១៩៨៦ បានក្លាយជាកន្លែងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោក។ អ៊ុយក្រែននៅមិនទាន់ឆ្លើយតបនឹងការចោទប្រកាន់ ដែលថា បានវាយប្រហាររោងចក្រនេះនោះទេ។
ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Grossi បាននិយាយនៅមុនពេលធ្វើដំណើររបស់លោកថា មធ្យោបាយតែមួយគត់ ដើម្បីវាយតម្លៃសុវត្ថិភាពរបស់រោងចក្រ និងបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានដែលខ្លួនទទួលបាន គឺត្រូវទៅមើលឲ្យដល់កន្លែងនោះ ដែលគ្រប់គ្រងដោយក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី៕