នាយករដ្ឋមន្ត្រី លោក Denys Shmyhal នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) បាននិយាយថា អ៊ុយក្រែនត្រូវការបន្ថែម ១៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយឱនភាពថវិការបស់ខ្លួន នៅឆ្នាំ២០២៥។
លោកបានលើកឡើងថា អ៊ុយក្រែនបានប៉ាន់ប្រមាណថា គម្លាតថវិកាសរុបសម្រាប់ឆ្នាំក្រោយ មានចំនួន ៣៥ពាន់លានដុល្លារ ដោយមានផែនការបំពេញ ២០ពាន់លានដុល្លារ។ ហើយបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងថា ឱនភាពនេះ គឺប្រហែល ៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។
លោក Shmyhal បានបន្តថា រដ្ឋាភិបាលគ្រោងនឹងដំឡើងពន្ធ និងការខ្ចីប្រាក់បន្ថែមទៀត នៅលើទីផ្សារបំណុលក្នុងស្រុក ដើម្បីប្រមូលមូលនិធិបន្ថែម សម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ សភាគ្រោងនឹងពិភាក្សាលើសំណើទាំងនេះ នៅខែកញ្ញា។
ជាមួយគ្នានេះដែរ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរៃអង្គាសថវិកាបន្ថែម លោកនាយករដ្ឋមន្ត្រីក៏បានសន្យាថា នឹងធ្វើការដើម្បីកាត់បន្ថយសេដ្ឋកិច្ចស្រមោល ឬសេដ្ឋកិច្ចមិនផ្លូវការ និងជំរុញដល់ពន្ធលើប្រាក់ចំណូល។
លោកបានបញ្ជាក់បន្ថែមថា អ៊ុយក្រែនបានទទួលជំនួយផ្នែកហិរញ្ញវត្ថុប្រហែល ១០០ពាន់លានដុល្លារពីដៃគូរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២៕