អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង គ្មានបំណងឈ្លានពានដែនអាកាសប្រទេសណាមួយឡើយ រយៈពេល ១ថ្ងៃ ក្រោយជប៉ុននិយាយថា យន្តហោះយោធាចិន បានបំពានដែនអាកាសរបស់ពួកគេ ។
ជប៉ុននិយាយថា យន្តហោះស៊ើបការណ៍ Y-9 របស់ចិន បានហោះរំលងកោះ Danjo ស្ថិតនៅភាគខាងលិចកោះភាគខាងត្បូង Kyushu រយៈពេលប្រហែល ២នាទីកាលពីព្រឹកថ្ងៃចន្ទ ដោយពួកគេបញ្ជាក់ថា វាគឺជាការបំពានលើកដំបូងលើដែនអាកាសរបស់ខ្លួនដោយយោធាចិន ។
លោក Yoshimasa Hayashi គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយនៅថ្ងៃអង្គារនេះថា ការបំពានដែនអាកាសបែបនេះ គឺជារឿងមិនអាចទទួលយកបាននោះឡើយ ។
លោក Lin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងប៉េកាំងថា ក្រសួងពាក់ព័ន្ធនៅប្រទេសចិន នៅព្យាយាមយល់ពីស្ថានភាព ហើយភាគីទាំង ២ បានរក្សាការទំនាក់ទំនងតាមរយៈបណ្តាញការងារដែលមានស្រាប់ ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា ក្រៅពីយន្តហោះយោធាចិន យន្តហោះរដ្ឋបាលមហាសមុទ្ររដ្ឋចិន និងយានដ្រូនឆ្មាំល្បាតឆ្នេរចិន ធ្លាប់បានបំពានដែនអាកាសជប៉ុនកាលពីឆ្នាំ ២០១២ និងឆ្នាំ ២០១៧ ៕