ព្យុះទីហ្វុង Shanshan បាននាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅកោះ Amami ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ជាហេតុធ្វើឲ្យអាក់ខានដល់សេវាកម្មរថភ្លើងល្បឿនលឿន និងជើងហោះហើរ ។
ព្យុះ Shanshan បានបោកបក់ឆ្ពោះទៅកាន់កោះ ជាមួយនឹងសន្ទុះខ្យល់បល់រហូតដល់ ២១៦គ.មក្នុង១ម៉ោង ។
នៅព្រឹកថ្ងៃអង្គារនេះ ភ្លៀងធ្លាក់ខ្លាំង បានផ្អាកសេវាកម្មរថភ្លើងល្បឿនលឿនរវាងទីក្រុងភាគកណ្តាល Hamamatsu និងទីក្រុង Toyohashi បើទោះបីជាក្រោយមក សេវាកម្មមួយនេះ បានចាប់ផ្តើមឡើងវិញក៏ដោយ ។
ប្រតិបត្តិករផ្លូវដែកជប៉ុន និយាយថា មាននូវការពន្យាពេលដូចគ្នា នៅតំបន់ផ្សេងទៀតរបស់បណ្តាញរថភ្លើងល្បឿនលឿន ហើយនិងរថភ្លើងក្នុងស្រុក ។
ក្រុមហ៊ុនបានធ្វើការព្រមាននៅថ្ងៃអង្គារនេះថា ប្រតិបត្តិការរថភ្លើងល្បឿនលឿន អាចនឹងត្រូវលុបចោល ឬផ្អាកពេលក្រោយក្នុងសប្តាហ៍នេះ អាស្រ័យលើផ្លូវរបស់ព្យុះ ៕