ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បាននិយាយថា ការរួមចំណែករបស់សហរដ្ឋអាមេរិក នៅក្នុងការលុកលុយដែលកំពុងមានបន្តរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ប្រទេសរុស្ស៊ីនោះ គឺជា «រឿងមិនអាចប្រកែកបានទេ»។
ទីក្រុងវ៉ាស៊ីនតោនបានប្រាប់ថា ខ្លួនមិនត្រូវបានជូនដំណឹងនោះឡើយ អំពីផែនការរបស់អ៊ុយក្រែន នៅមុនមានការលុកលុយចូលទៅក្នុងតំបន់ Kursk កាលថ្ងៃទី៦ ខែសីហា។ ហើយសហរដ្ឋអាមេរិកក៏បានប្រកែកដែរថា ខ្លួនមិនបានចូលរួមក្នុងប្រតិបត្តិការនេះនោះទេ។
យ៉ាងណាក្ដី លោក Ryabkov បានលើកឡើងថា វាលែងជាការចោទប្រកាន់ ដែលថា សហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធទៀតហើយ ប៉ុន្តែគឺជា «ការពិតជាក់ស្តែង» តែម្ដង។ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា លោក Ryabkov បានប្រាប់ថា «ដំណើរផ្លូវដែលកើនឡើងជាលំដាប់របស់ទីក្រុងវ៉ាស៊ីនតោន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង»។
គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា សព្វាវុធរបស់លោកខាងលិច ក្នុងនោះរួមទាំងរថក្រោះរបស់អង់គ្លេស និងប្រព័ន្ធរ៉ូក្កែតរបស់សហរដ្ឋអាមេរិកផងដែរ ត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន នៅក្នុងតំបន់ Kursk។ ហើយទីក្រុងកីវ បានអះអាងថា ខ្លួនបានប្រើមីស៊ីល HIMARS របស់សហរដ្ឋអាមេរិក ដើម្បីបាញ់កម្ទេចស្ពាននៅតំបន់ Kursk៕