ប្រទេសរុស្ស៊ី បាននិយាយថា លោកខាងលិចកំពុងប្រលែងលេងជាមួយភ្លើងដោយពិចារណាអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរបស់លោកខាងលិច ហើយបានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៧ សីហា) ថាសង្រ្គាមលោកលើកទី៣ នឹងមិនមែនកើតឡើងតែនៅអឺរ៉ុបនោះទេ។

អ៊ុយក្រែន បានវាយប្រហារតំបន់ ឃើស (Kursk) ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា ហើយបានដណ្ដើមយកទឹកដីមួយចំណែកនៅក្នុងការវាយប្រហារពីបរទេសដ៏ធំបំផុតលើរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា នឹងមានការឆ្លើយតបដ៏ស័ក្តិសមពីរុស្ស៊ី ចំពោះការវាយប្រហារនេះ។

លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសរបស់លោក ពូទីន អស់រយៈពេលជាង ២០ឆ្នាំ បាននិយាយថា លោកខាងលិចកំពុងស្វះស្វែងរកការកើនឡើងបន្ថែមទៀតក្នុងសង្គ្រាមអ៊ុយក្រែន ហើយកំពុង «រកបញ្ហាដាក់ខ្លួន» ដោយពិចារណាលើសំណើរបស់អ៊ុយក្រែន ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបរទេស។
ចាប់តាំងពីបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក លោក ពូទីន បានព្រមានម្តងហើយម្តងទៀតពីហានិភ័យនៃសង្គ្រាមដ៏ទូលំទូលាយដែលពាក់ព័ន្ធនឹងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ទោះជាលោកបាននិយាយថា រុស្ស៊ីមិនចង់មានជម្លោះជាមួយសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏ដោយ។
លោក ឡាវរ៉ូវ បន្ថែមថា រុស្ស៊ីកំពុង «ពិនិត្យមើល» គោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន។ គោលលទ្ធិនុយក្លេអ៊ែរឆ្នាំ២០២០ របស់រុស្ស៊ីកំណត់ថា ប្រធានាធិបតីរបស់ខ្លួននឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាទូទៅជាការឆ្លើយតបចំពោះការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ឬអាវុធមហាប្រល័យផ្សេងទៀត ឬអាវុធសាមញ្ញ «នៅពេលណាដែលអត្ថិភាពនៃរដ្ឋត្រូវបានគំរាមកំហែង»៕

