ភ្នំពេញ៖ ឯកឧត្តម Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ាន ដែលមានសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរណ៍បរទេស មកលេងកម្សាន្ត ព្រោះវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរ ។
ក្នុងជំនួយជាមួយ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានកោតសរសេរកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះវិធានការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ ។
ឯកឧត្តមបានគាំទ្រ ចំពោះការគ្រោងបើកប្រទេសទទួលទេសចរណ៍អន្តរជាតិ នៅត្រីមាសទី៤ ឆ្នាំ២០២១ របស់កម្ពុជា ដោយកម្ពុជា គឺជាប្រទេសឈានគេមុខក្នុងតំបន់អាស៊ាន ដែលមានវិធានសុវត្ថិភាពច្បាស់លាស់ ក្នុងការបើកទទួលទេសចរណ៍អន្តរជាតិ ដោយឯកឧត្តមសង្ឃឹមជឿជាក់ថា កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិយ៉ាងច្រើន ព្រោះប្រជាជននៅលើពិភពលោកកំពុងស្ត្រេសនៅក្នុងការបិទខ្ទប់ អស់រយៈពេលជាច្រើនខែមកហើយ ។
ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លើកិច្ចការសំខាន់ៗមួយចំនួន ដោយបន្តពង្រឹង និងបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតថែមទៀត មានទាំងទំនាក់ទំនងកិច្ចការរាជរដ្ឋាភិបាល និងកិច្ចការគណបក្ស, បន្តជំរុញ និងលើកកម្ពស់កិច្ចសហការគ្នាឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសជំនួយទៅវិញទៅមកផ្នែកសុខាភិបាល ។
ឯកឧត្តមបន្ថែមថា សូមភាគីថៃបន្តជួយចាក់វ៉ាក់សាំងជូនពលករចំណាកស្រុក និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃឲ្យបានគ្រប់ៗគ្នា ខណៈបច្ចុប្បន្ន ពលករខ្មែររស់នៅប្រទេសថៃទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង៥ ២០០០នាក់ ស្នើបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជាលើជំនាញវិជ្ជាជីវៈសុខាភិបាល និងការហ្វឹកហាត់នៅតាមមន្ទីរពេទ្យធំៗ ជាពិសេសអាហារូបករណ៍ព្រះអម្ចាស់ក្សត្រី មហាចក្រីសិរិនថន និងអាហារូបករណ៍របស់រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងការបរទេសជាដើម ។
រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់ថា មន្ត្រីថ្នាក់ខេត្តតាមព្រំដែន គោលបំណងចង់ឲ្យមានការបង្កើតក្រុមការងារសុខាភិបាលរួមគ្នាកម្ពុជា-ថៃ ដើម្បីរៀបចំចុះចាក់វ៉ាក់សាំង ជូនពលករខ្មែរចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ ជាបន្តទៀត ៕អត្ថបទ ៖ចក់








