រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បាននិយាយកាលពីថ្ងៃអង្គារ ថា ប្រទេសប៉ាគីស្ថាន នឹងឆ្លើយតបជារួមចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣ នាក់។ ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារប៉ុស្តិ៍នគរបាល ផ្លូវរថភ្លើង និងផ្លូវហាយវ៉េ កាលពីថ្ងៃអាទិត្យ ហើយកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការសងសឹកវិញ។

មន្ត្រីជាន់ខ្ពស់នគរបាល បានប្រាប់សារព័ត៌មានរ៉យទ័រថា កាលពីយប់ថ្ងៃអាទិត្យ ជនប្រដាប់អាវុធ បានបិទផ្លូវហាយវ៉េមួយកន្លែងក្នុងខេត្ត Balochistan ជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន និងបានឲ្យអ្នកដំណើរចេញពីរថយន្ត ហើយបានបាញ់ពួកគេបន្ទាប់ពីបានពិនិត្យអត្តសញ្ញាណប័ណ្ណ ។
ចរាចរណ៍ផ្លូវរថភ្លើងជាមួយនៅក្រុង Quetta ត្រូវបានផ្អាក បន្ទាប់ពីការបំផ្ទុះនៅលើស្ពានផ្លូវរថភ្លើងដែលតភ្ជាប់ពីទីរួមខេត្តទៅកាន់ប្រទេសប៉ាគីស្ថាន។
មន្ត្រីជាន់ខ្ពស់ក្រុង Quetta ជាក្រុងរបស់ខេត្ត Balochistan បាននិយាយថា ឧប្បត្តិហេតុបែបនេះមិនអាចអត់ឱនបានឡើយ យើងនឹងឆ្លើយតបជារួម។ អ្នកទាំងឡាយណាដែលកំពុងគិតថាពួកគេអាចបំភិតបំភ័យយើងបាន ឬផ្ញើសារមកយើង ពួកគេនឹងទទួលបានការឆ្លើយតបក្នុងពេលឆាប់ៗនេះ។

នៅក្នុងស្រុក Bolan កម្មករបានឈរនៅលើផ្លូវរថភ្លើង ដែលត្រូវបានបំផ្លាញដើម្បីជួសជុល ខណៈយានយន្តជាច្រើនគ្រឿងត្រូវធ្វើដំណើរតាមផ្លូវជំនួស បន្ទាប់ពីផ្លូវរថភ្លើងបានបាក់រលំ ហើយផ្លូវត្រូវបានបិទ។ មន្ត្រីជាន់ខ្ពស់និយាយថា លោកប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពទាំងអស់ មានការព្រួយបារម្ភអំពីខេត្ត Balochistan ។
នាយករដ្ឋមន្ត្រី លោក Shehbaz Sharif បាននិយាយថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួននៅក្នុងខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន គឺសំដៅបញ្ឈប់គម្រោងអភិវឌ្ឍន៍ដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC)។