តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ក្នុងខណះជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលហ្សកហ្ស៊ីបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីគ្រាប់ បែកចង្កោម(CCM) រួចហើយ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសកម្មភាពមីន និងបានលើកឡើងពីអត្ថប្រយោជន៍ នៃការចូលរួមជាមួយអនុសញ្ញាអូតាវ៉ា ព្រមទាំងបានថ្លែង អំណរគុណចំពោះការគាំទ្ររបស់ហ្សកហ្ស៊ី មកលើអនុ សញ្ញានេះរយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតជាប់លាប់ក្នុងការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ីពិចារណាការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានអញ្ជើញគណៈប្រតិភូប្រទេសហ្សកហ្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យហ្សកហ្ស៊ីបន្តចូលរួមក្នុងសកម្មភាពសំខាន់ៗមួយ ចំនួនមុនពេលចូលជារដ្ឋភាគី រួមមាន: ការចូលរួមសកម្ម ភាពមីនមនុស្សធម៌ បន្តគាំទ្រអនុសញ្ញាតាមរយៈការបោះ ឆ្នោត ការចូលរួមក្នុងព្រឹត្តិការណ៍សន្និបាត និងការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។
ជាការឆ្លើយតប លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី បានកោតសរសើរចំពោះភាពដឹកនាំជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ ចំពោះករណីស្នើសុំឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ានោះ ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី បានទទួលស្គាល់ និងនាំយកសំណើនេះទៅកាន់រដ្ឋាភិបាលនៃប្រទេសហ្សកហ្ស៊ី ដើម្បីពិនិត្យនិងពិចារណា។ ឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមសម្រាប់ការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលហ្សកហ្ស៊ីចំពោះសមាជិកភាពនៃអនុ សញ្ញាអូតាវ៉ា និងបានស្នើឱ្យមានការទំនាក់ទំនងផ្លូវការ និងការអញ្ជើញផ្លូវការមកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន និងរដ្ឋាភិបាលហ្សកហ្ស៊ី ៕ អត្ថបទ.ភារម្យ


