ប្រធានាធិបតី លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ សីហា ថា រដ្ឋាភិបាលម៉ិកស៊ិក បានផ្អាកទំនាក់ទំនងរបស់ខ្លួនជាមួយស្ថានទូតអាមេរិក និងកាណាដា នៅក្នុងប្រទេសនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរ បានរិះគន់កំណែទម្រង់ប្រព័ន្ធតុលាការ ដែលលោកគាំទ្រ។

លោក Lopez Obrador បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «មានការផ្អាក» ដោយបញ្ជាក់ច្បាស់ថា ការផ្អាកនេះធ្វើឡើងជាមួយស្ថានទូតតែប៉ុណ្ណោះ ពុំមែនជាមួយប្រទេសនោះទេ។ លោកប្រធានាធិបតី កំពុងជំរុញកំណែទម្រង់ដើម្បីជ្រើសរើសចៅក្រម រួមទាំងចៅក្រមតុលាការកំពូល ដោយការបោះឆ្នោតពីប្រជាជន។ គណៈកម្មាធិការមួយ នៅក្នុងសភាជាន់ទាបរបស់សភាប្រទេសម៉ិកស៊ិក បានអនុម័តសំណើកាលពីល្ងាចថ្ងៃចន្ទ ដោយត្រួសត្រាយផ្លូវសម្រាប់ការអនុម័តនៅពេលសភាជាប់ឆ្នោតថ្មីចូលកាន់តំណែង ក្នុងខែកញ្ញា។
ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយនៅក្នុងកំណត់សម្គាល់ផ្នែកការទូតដែលបង្ហោះដោយឯកអគ្គរដ្ឋទូត លោក Ken Salazar កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមាន «ការព្រួយបារម្ភខ្លាំង» អំពីបញ្ហាដែលអាចកើតមានឡើង បណ្តាលមកពីការបោះឆ្នោតជ្រើសរើសចៅក្រមនៅក្នុងប្រទេសម៉ិកស៊ិក។ សហរដ្ឋអាមេរិក និងម៉ិកស៊ិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នាទៅវិញទៅមក។ ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំប្រទេសម៉ិកស៊ិក លោក Graeme Clark ក៏បានព្រមានចំពោះការព្រួយបារម្ភអំពីការវិនិយោគផងដែរ។
អ្នកគាំទ្រនិយាយថា កំណែទម្រង់នេះនឹងជំរុញលទ្ធិប្រជាធិបតេយ្យនិងជួយជួសជុលប្រព័ន្ធដែលមិនបម្រើសាធារណជន។ ផ្ទុយទៅវិញ អ្នករិះគន់និយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់អំណាចក្នុងការគាំទ្រអ្នកប្រតិបត្តិ កាត់ផ្តាច់អាជីពរបស់ចៅក្រម និងធ្វើឲ្យតុលាការងាយទទួលឥទ្ធិពលព្រហ្មទណ្ឌ។