រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ (២៧ សីហា) ដោយដកស្រង់ការសិក្សាដោយដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួនរបស់ប្រទេសថា ប្រជាជននីហ៊្សេរីយ៉ាជាង ៣១,៨លាននាក់ កំពុងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហាប្រឈមផ្នែកសន្តិសុខ និងការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ។

ក្រសួងថវិកា និងផែនការសេដ្ឋកិច្ចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំហំនៃការខ្វះខាតដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភក្នុងចំណោមស្ត្រី និងកុមារនោះ ត្រូវបានកំណត់ដោយដៃគូអភិវឌ្ឍន៍នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។

ការរកឃើញនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងពីតួលេខ ១៨,៦លាននាក់ ដែលត្រូវបានវាយតម្លៃថាងាយរងគ្រោះចំពោះអសន្តិសុខស្បៀងធ្ងន់ធ្ងរចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
ការវាយឆ្មក់ដោយក្រុមចោរប្រដាប់អាវុធ បានបង្ខំកសិករជាច្រើនបោះបង់វាលស្រែរបស់ពួកគេ ដែលរួមចំណែកធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង និងអតិផរណាខ្ពស់ ខណៈនីហ៊្សេរីយ៉ាប្រឈមនឹងវិបត្តិជីវភាពដ៏អាក្រក់បំផុតក្នុងមួយជំនាន់។ លោកប្រធានាធិបតី បូឡា ទីនូប៊ូ (Bola Tinu) ដែលចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២៣ បានដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដែលនាំឱ្យតម្លៃដឹកជញ្ជូនកើនឡើងបន្ថែមទៀត។
បញ្ហាលំបាកទាំងនេះបានជំរុញឱ្យប្រជាជននីហ៊្សេរីយ៉ា រាប់ពាន់នាក់ចេញតវ៉ាកាលពីដើមខែសីហា ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយកំណើនថ្លៃចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ការសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ច និងការពារអសន្តិសុខនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ៕