ក្រុមអាជ្ញាធរបាននិយាយកាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់ដោយសារបាក់ទំនប់ទឹក និងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស៊ូដង់ បានហក់ឡើងដល់ ១៣២នាក់ ។

គណៈកម្មការរដ្ឋាភិបាលគ្រាអាសន្ន បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៣២នាក់ ក្រោយរកឃើញសាកសព១០នាក់ទៀត ខណៈចំនួនពលរដ្ឋរងផលប៉ះពាល់ បានកើនឡើងដល់៣១.៦៦៦គ្រួសារ និងមនុស្សចំនួន១២៩.៦៥០នាក់ ។

ប្រភពខាងលើនិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋ ១២.៤២០ខ្នង បាក់រលំ និង ១១.៤៧២ ខ្នងផ្សេងទៀត បាក់រលំដោយផ្នែក។
ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃសៅរ៍ បានបង្កជាទឹកជំនន់ជន់លិចតំបន់អាបាត (Arbat) ភាគខាងជើងទីក្រុង កំពង់ផែសមុទ្រក្រហម (Red Sea city) បណ្ដាលឲ្យទំនប់ទឹកអាបាត បានបាក់ និងហូរគួចភូមិឋានជាច្រើនទាំងស្រុង។
ប្រជាពលរដ្ឋរាប់រយនាក់ បានរត់ភៀសខ្លួនទៅកាន់ភ្នំខ្ពស់ៗ ដើម្បីគេចពីគ្រោះមហន្តរាយទឹកជំនន់ រីឯអ្នកផ្សេងទៀត នៅតែជាប់ក្នុងភូមិជាច្រើន នេះបើយោងយាមសារព័ត៌មានប្រចាំថ្ងៃ Al-Taghyeer របស់ប្រទេសស៊ូដង់។
ទំនប់អាបាត គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ក្រុង ផតស៊ូដង់ ដែលជាកន្លែងសម្រាប់កំពង់ផែសមុទ្រក្រហម និងអាកាសយានដ្ឋានដំណើរការរបស់ប្រទេស ហើយជាទីដែលជំនួយភាគច្រើនត្រូវបានស្តុកទុក និងដឹកជញ្ជូន។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងមនុស្សហោចណាស់១១៨.០០០នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ក្នុងឆ្នាំនេះ ខណៈប្រទេសនេះកំពុងរងការហែកហួរដោយសង្រ្គាមនៅតែបន្ត ដែលបានឆក់យកជីវិតមនុស្សជាង២០.០០០នាក់៕