បាល់ទាត់៖ ទីបំផុតបេក្ខភាពកូនពៅវគ្គ ៨ក្រុមកំពូលតារាង ឬវគ្គ Top-8 សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១ គឺបានទៅក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីប្រកួតស្មើក្រុមម្ចាស់ផ្ទះនគរបាលជាតិដោយលទ្ធផល ០-០ នៅទីលាន 7NG កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ខណៈក្រុមអាស៊ីអឺរ៉ុបបានត្រឹមសោកស្ដាយប៉ុណ្ណោះ។

ជំនួបបង្គ្រប់សប្ដាហ៍ទី៩ និងជាការប្រកួតបញ្ចប់ជុំទី១ នេះ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមក និងបានបង្កើតឱកាសស៊ុតល្អៗជាច្រើនលើក តែពុំមានកីឡាករណាម្នាក់អាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ រហូតចប់ការប្រកួត ៩០នាទីពេញដោយរក្សាលទ្ធផលស្មើគ្នា ០-០។ ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យគិរីវង់ទទួលបានកៅអី Top-8 នៅជុំទី២ ក្រោយបញ្ចប់ការប្រកួតជុំទី១ ដោយឈរលេខ៨ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់៧ រកបាន ១៣ពិន្ទុស្មើក្រុមអាស៊ីអឺរ៉ុបដែលឈរលេខ៩ តែដោយសារអាស៊ីអឺរ៉ុបប្រកួតចាញ់គិរីវង់ក្នុងជំនួបជើងទី១ ក៏ដូចជាចាញ់ប្រៀបផលសងគ្រាប់បាល់ផង ទើបឱកាសដណ្ដើមជើងឯកលីគនៅជុំទី២ នេះបានទៅក្រុមមានមូលដ្ឋាននៅខេត្តតាកែវ។

ដោយឡែកលទ្ធផលការប្រកួតបញ្ចប់ជុំទី១ មួយគូទៀតដែលបានបញ្ចប់ការប្រកួតក្នុងម៉ោងដំណាលគ្នា គឺក្រុមណាហ្គាវើលដ៏បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ដោយលទ្ធផល ៤-៣។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមណាហ្គាវើលដ៏រំកិលមកឈរលេខ៤ ដោយមាន ២៥ពិន្ទុស្មើក្រុមព្រះខ័នរាជស្វាយរៀងតាមពីក្រោយវិសាខា និងភ្នំពេញក្រោន ៣ពិន្ទុបន្ទាប់ពីឆ្លងកាត់ ១២ប្រកួតឈ្នះ៧ ស្មើ៤ និងចាញ់ ១ប្រកួត៕
អត្ថបទ៖ លី ឈុនឡា