យោងតាមប្រភពអាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ដ៏គំហុកបានវាយប្រហារខេត្ត Al-Mahwit ភាគពាយ័ព្យប្រទេសយេម៉ែន។

ទឹកជំនន់ដ៏គំហុកនៅខេត្ត Al-Mahwit បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាង២៤ម៉ោង បានបណ្តាលឱ្យបាក់ទំនប់ចំនួន៣កន្លែងនិងបានវាយបក់លើលំនៅឋានរាប់សិបខ្នងនៅក្នុងស្រុក Malhan កាលពីថ្ងៃអង្គារ។ ប្រភពដដែលនិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈអ្នកភូមិជាច្រើននាក់ បាត់ខ្លួន។

អាជ្ញាធរសុខាភិបាលតំបន់ និយាយថា កាលពីដើមខែនេះ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក នៅក្នុងខេត្ត Hodeidah និង Hajjah ភាគខាងជើង បានបណ្តាលឲ្យមនុស្ស៤៥នាក់ស្លាប់ និងខូចខាតលំនៅឋានជាង១២.០០០ខ្នង។
អង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភអំពីការរាលដាលជម្ងឺដោយសារទឹកកខ្វក់ និងអនាម័យមិនល្អ ក្នុងរដូវវស្សានៅក្នុងប្រទេសដែលញាំញីដោយជម្លោះមួយនេះ។
ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤មក នៅពេលដែលក្រុម ហ៊ូទី បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើនខេត្ត ដោយបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនភៀសខ្លួនចេញពីរដ្ឋធានីសាណា។