ប្រដាល់សកល៖ ទីបំផុតសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឈានដល់ការប្រកាស រៀបចំការប្រកួតផ្ទាល់ខ្លួនជាផ្លូវការហើយគឺកម្មវិធីប្រកួតកីឡាប្រដាល់សកល Ultimate Boxing Championship 2021។ ការបើកសករាជថ្មីនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកញ្ញានេះ ក្រោមវត្ដមានលោកសាស្ដ្រាចារ្យ ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ និងលោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ដែលជាអ្នកឧបត្ថម្ភធំ។

លោក ឆឹង យ៉ៅយ៉េន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះកម្មវិធីនេះដែលនឹងជំរុញការអភិវឌ្ឍ ក៏ដូចជាលើកមុខមាត់វិស័យកីឡាប្រដាល់សកលកម្ពុជាឡើងវិញ បន្ទាប់ពីប្រភេទកីឡានេះបានស្ងប់ស្ងាត់ និងបាត់ពីខ្សែចក្ខុទស្សនិកជនអស់រយៈពេលជាយូរមកហើយ។ អ្វីដែលពិសេស លោករំពឹងថា ការប្រកួតនេះនឹងដុះខាតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីដើម្បីត្រៀមការប្រកួតលើឆាកអន្ដរជាតិ ដូចជាស៊ីហ្គេមជាដើម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួត Ultimate Boxing Championship 2021 ត្រូវបានធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធ ក៏ដូចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងការអភិវឌ្ឍ វិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលក្នុងតំបន់ និងអន្តរជាតិ។

គោលដៅសំខាន់ៗនៃការបង្កើតសង្វៀនប្រកួតផ្ទាល់ខ្លួននេះរួមមាន៖ ទី១-ផ្ដល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកល ចូលរួមប្រកួតក្នុងស្រុកឲ្យបានច្រើនដើម្បីពង្រឹងបច្ចេកទេស មុនឈានទៅចូលរួមប្រកួតជាលក្ខណៈអន្ដរជាតិ ពិសេសត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ទី២-អភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីប្រដាល់សកលនៅតាមបណ្តាក្លិប និងសមាគមក្រោមចំណុះសហព័ន្ធ មុនចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១។ ទី៣- ពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ទី៤- អភិវឌ្ឍធនធានកីឡាករ-កីឡាការិនីនៅតាមបណ្តាក្លិប និងសមាគម និងពង្រឹងសក្តានុពលវិស័យកីឡាប្រដាល់សកលនៅកម្ពុជា។ ក្នុងជំហានដំបូងនេះ សហព័ន្ធគ្រោងរៀបចំចំនួន ៦លើកចន្លោះពី ១សប្ដាហ៍ម្ដងទៅ ២សប្ដាហ៍ម្ដងនៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្សរបស់លោក ស៊ន អេលីត ដោយមានផ្សាយផ្ទាល់នៅលើ Page ផ្លូវការរបស់សហព័ន្ធ។ សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លិបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប៕
អត្ថបទ៖ លី ឈុនឡា