នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គា ស្តាមើ (Keir Starmer) នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការពារជាតិដ៏សំខាន់មួយជាមួយមេដឹកនាំអាល្លឺម៉ង់ នៅថ្ងៃពុធ (២៨ សីហា) នេះដោយសង្ឃឹមថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចមួយមកបន្ត «ឱកាសដ៏កម្រ» ដើម្បីស្ដារទំនាក់ទំនងឡើងវិញជាមួយបណ្ដាប្រទេសអឺរ៉ុប។

នៅដើមដំបូងនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅអាល្លឺម៉ង់ និងបារាំង លោក Starmer បាននិយាយថា លោកចង់ឱ្យចក្រភពអង់គ្លេសជួសជុលទំនាក់ទំនងដ៏ប្រេះស្រាំរបស់រដ្ឋាភិបាលអភិរក្សនិយមកាលពីមុនជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ហើយធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស។

នៅក្នុងដំណើរទៅកាន់ទីក្រុងប៊ែរឡាំង លោក Starmer នឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) លើកិច្ចព្រមព្រៀងថ្មីមួយដែលភាគីទាំងពីរសង្ឃឹមថានឹងនាំមកនូវកម្រិតដែលមិនធ្លាប់មានពីមុនមកនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាពាណិជ្ជកម្ម និងថាមពល។

អង់គ្លេស និងអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងជាអ្នកចំណាយលើវិស័យការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុបខាងលិច កំពុងស្វះស្វែងរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មុនពេលលទ្ធភាពដែលថាសហរដ្ឋអាមេរិកកាត់បន្ថយការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រសិនបើលោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ទៅកាន់តំណែងសេតវិមានវិញនៅដើមឆ្នាំក្រោយ៕