អាជ្ញាធរការបរទេសរបស់កោះតៃវ៉ាន់ បានរិះគន់ចំពោះការហោះហើររបស់យន្តហោះយោធាចិនមួយគ្រឿង ដែលបានចូលដែនអាកាសរបស់ប្រទេសជប៉ុន ដោយបានចាត់ទុក ទង្វើនេះថាជាការបំផ្លាញសន្តិភាព និងស្ថិរភាព ក្នុងតំបន់។

អាជ្ញាធរ កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍មួយដែលខ្លួនបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើដែនអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត។
អាជ្ញាធរការបរទេស ក៏បាននិយាយផងដែរថា ប្រទេសចិន កំពុងធ្វើសមយុទ្ធយោធាជាញឹកញាប់ជាមួយរុស្ស៊ី នៅសមុទ្រចិនខាងកើតនិងខាងត្បូង ក្នុងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងដោយប្រើកម្លាំង ដែលបង្កការគំរាមកំហែងធំដល់សន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងកោះតៃវ៉ាន់ និងប្រទេសជប៉ុន ផងដែរ។
អាជ្ញាធរ បានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំផ្លាញសន្តិភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ និងការបង្កើនភាពតានតឹងក្នុងតំបន់។
អាជ្ញាធរបានបញ្ជាក់ថា កោះតៃវ៉ាន់ នឹងធ្វើការជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា រួមទាំងប្រទេសជប៉ុនផងដែរ ដើម្បីទប់ស្កាត់ការពង្រីកអំណាចផ្តាច់ការ និងការលុកលុយ។