អង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថានចំនួនពីរ បាននាំគណៈកម្មការអឺរ៉ុបទៅកាន់តុលាការ កាលពីថ្ងៃអង្គារ ដោយជំរុញឱ្យគណៈកម្មការ ពិនិត្យឡើងវិញនូវគោលដៅទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់រដ្ឋជាសមាជិករបស់ប្លុក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអង្គការ CAN Europe បានឲ្យដឹងថា អង្គការ CAN Europe និងអង្គការបណ្តាញសកម្មភាពច្បាប់សកល បាននិយាយថា ដែនកំណត់នៃការបំភាយឧស្ម័នប្រចាំឆ្នាំ រហូតដល់ឆ្នាំ២០៣០ សម្រាប់ប្រទេសនីមួយៗរបស់សហភាពអឺរ៉ុប (EU) នៅក្នុងផ្នែកសាងសង់ កសិកម្ម កាកសំណល់ ឧស្សាហកម្មខ្នាតតូច និងវិស័យដឹកជញ្ជូន គឺមិនស្របច្បាប់។
វិស័យទាំងនេះ មានប្រហែល៥៧ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបរបស់ប្លុកទាំង២៧ ប្រទេស។ សហភាពអឺរ៉ុប បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នសរុប៤០ភាគរយ បើប្រៀបធៀបទៅនឹងកម្រិតឆ្នាំ១៩៩០ សម្រាប់វិស័យទាំងនេះ និងគោលដៅដ៏ទូលំទូលាយផ្នែកសេដ្ឋកិច្ច នៃការបំភាយឧស្ម័នតិចជាង៥៥ ភាគរយ សម្រាប់សហភាពអឺរ៉ុបទាំងមូល។ អង្គការក្រៅរដ្ឋាភិបាល បានអះអាងថា មហិច្ឆតាអាកាសធាតុទាំងមូលរបស់សហភាពអឺរ៉ុប នៅតែចលាចលខុសទិសដៅ ពីដែនកំណត់ការឡើងកម្តៅផែនដី ១,៥ អង្សាសេ ដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អង្គការមិនមែនរដ្ឋាភិបាល បាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ សហភាពអឺរ៉ុប អាចអនុញ្ញាតឱ្យកាត់បន្ថយការបំភាយឧស្ម័នដ៏មានមហិច្ឆតាបន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខ និងទទួលបានការកាត់បន្ថយការបំភាយសរុបយ៉ាងហោចណាស់៦៥ភាគរយពីកម្រិតឆ្នាំ១៩៩០ នៅត្រឹមឆ្នាំ២០៣០។
សវនាការនៅតុលាការទូទៅរបស់សហភាពអឺរ៉ុប អាចនឹងធ្វើឡើងនៅពាក់កណ្តាលឆមាសទីពីរឆ្នាំ២០២៥ ហើយការវិនិច្ឆ័យ នឹងត្រូវចេញនៅដើមឆ្នាំ២០២៦។