បាល់ទាត់៖ ខ្សែប្រយុទ្ធជួរមុខទាំង ៣នាក់ Messi Neymar និង Mbappe បានចូលលេងជុំគ្នាជាលើកដំបូងយប់មិញនៅក្របខណ្ឌ UEFA Champions League តែ Paris Saint Germain បានត្រឹមស្មើនៅទឹកដី Club Brugge ១-១។

អតីតខ្សែបម្រើ Manchester United, Ander Herrera រកបានគ្រាប់នាំមុខនៅនាទីទី១៥ តែម្ចាស់ផ្ទះ Club Brugge តាមស្មើវិញដោយ Hans Vanaken។ នៅក្នុងពូល A នេះដែរ Manchester City រកបាន ៣ពិន្ទុក្រោយយកឈ្នះ RB Leipzig ៦-៣។ ៦គ្រាប់របស់ Man City រកបានដោយកីឡាករ ៦នាក់ផ្សេងគ្នារួមមាន Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus ខណៈមួយគ្រាប់ទៀតជាគ្រាប់ចូលទីខ្លួនឯងរបស់ Leipzig។ រីឯ ៣គ្រាប់របស់ Leipzig ធ្វើបានដោយអតីតកីឡាកររបស់ PSG, Christopher Nkunku ៣គ្រាប់ម្នាក់។ ងាកទៅពូល B, Liverpool យកឈ្នះ AC Milan ៣-២ នៅ Anfield។ Fikayo Tomori ភ្លាត់ចូលទីខ្លួនឯងធ្វើឱ្យ Liverpool នាំមុខតាំងពីនាទីទី៩ មុនពេលដែល AC Milan វាយបក ២គ្រាប់វិញមុនចប់វគ្គទី១ ដោយ Ante Rebic នាទីទី៤២ និង Brahim Diaz នាទីទី៤៤។ ចូលវគ្គទី២ Liverpool ក៏វាយបកយកឈ្នះវិញ ២គ្រាប់ផងដែរដោយ Mohamed Salah នាទីទី៤៨ និង Jordan Henderson នាទីទី៦៩។

មួយគូទៀត Atletico Madrid បានត្រឹមស្មើ ០-០ នឹងក្រុមភ្ញៀវ Porto។ នៅពូល C Dortmund និង Ajax រកបានបីពិន្ទុដូចគ្នាដោយ Dortmund យកឈ្នះនៅទឹកដី Besiktas ២-១ និង Ajax យកឈ្នះនៅទឹកដី Sporting Lisbon ៥-១ ដោយ ៥គ្រាប់នោះធ្វើបានដោយអតីតខ្សែប្រយុទ្ធ West Ham, Sebastian Haller ៤គ្រាប់ម្នាក់ឯង។ ពូល D វិញ Real Madrid យកឈ្នះនៅទឹកដី Inter Milan យ៉ាងតានតឹងនៅចុងម៉ោងនាទីទី៨៩ ទៅហើយដោយ Rodrygo ដើម្បីទទួលបានបីពិន្ទុ ខណៈ Sheriff Tiraspol ដែលបង្ហាញខ្លួនលើកដំបូងនៅ UCL នោះបានយកឈ្នះ Shakhtar Donetsk ២-០៕
អត្ថបទ៖នាង សុភាវុធ