យុវជន បានបង្ហាញនូវក្ដីមោទកភាពជាពន់ពេក ចំពោះសម្ទុះនៃការចូលរួមរបស់ពលរដ្ឋខ្មែរជាច្រើន ក្នុងការបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន។ ក្រុមយុវជនមើលឃើញថា សកម្មភាពនេះ បានបង្ហាញច្បាស់ពីទឹកចិត្តស្នេហាជាតិ របស់ប្រជាពលរដ្ឋខ្មែរ រួមគ្នាធ្វើដើម្បីផលប្រយោជន៍ជាតិជារួម។
សម្រាប់យុវជន ជាសិស្សនិស្សិត មើលឃើញថា ចលនារបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបរិច្ចាគថវិកា ដើម្បីសាងសង់ហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន ជាចលនាបង្ហាញពីទឹកចិត្តស្នេហាជាតិ គិតពីប្រយោជន៍ជាតិជារួម ដោយម្នាក់ៗបរិច្ចាគថវិកាផ្ទាល់ខ្លួន តិចច្រើន តាមលទ្ធភាព។
ពួកគេយល់ថា ការស្ម័គ្រចិត្តបរិច្ចាគថវិកានេះ ក៏ដោយសារតែពលរដ្ឋមានជំនឿចិត្តលើរាជរដ្ឋាបាល និងចង់ឃើញហេដ្ឋារចនាសម័ន្ធនៅតាមព្រំដែនកាន់តែមានភាពប្រសើរ។ ក្នុងនាមជាយុវជន ពួកគេមានក្ដីមោទកភាពជាខ្លាំង នៅពេលដែលឃើញពីសាមគ្គីភាព ក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ។
សូមជម្រាបថា ក្រុមយុវជនក៏បានបង្ហាញចំណាប់អារម្មណ៍ត្រៀមខ្លួន ដើម្បីចូលរួមដំណើរកម្សាន្តទៅខេត្តភាគឦសានទាំង៤ ដើម្បី សិក្សាស្វែងយល់ពីភាពជាក់ស្ដែង នូវការរស់នៅរបស់ប្រជាពលរដ្ឋ បង្គោលព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ និងភាពជាក់ស្ដែងនានា នៅក្នុងតំបន់ព្រំដែនផងដែរ៕អត្ថបទ.គឹមហុក