លោក ដូណាល់ ត្រាំ (Donald Trump) បានខឹងសម្បារនឹងការចោទប្រកាន់ថ្មីប្រឆាំងនឹងលោកនៅក្នុងសំណុំរឿងព្យាយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដោយពណ៌នាថាបណ្ដឹងថ្មីនេះជា «កិច្ចខិតខំប្រឹងប្រែងទម្លាក់កំហុសដ៏អាក្រក់បំផុត» និងចោទប្រកាន់រដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) ថាជ្រៀតជ្រែកការបោះឆ្នោត។
អតីតប្រធានាធិបតីរូបនេះ បានបញ្ចេញការរិះគន់ខ្លាំងៗ និងការត្អូញត្អែរជាច្រើនអំពីការចោទប្រកាន់ថ្មី ដែលក្រសួងយុត្តិធម៌អាមេរិក បានដាក់ប្រឆាំងនឹងលោក Trump កាលពីថ្ងៃអង្គារ ជុំវិញសំណុំរឿងការធ្វើវិទ្ធង្សនា (ការបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ដ៏ចម្រូងចម្រាស់។
លោក Trump បានពណ៌នាជំហាននេះថាជាការទម្លាក់កំហុស ហើយបានព្យាយាមបន្ទោសគូប្រជែងតំណែងសេតវិមានរបស់លោកគឺលោកស្រី Kamala Harris។ លោក Trump បានបញ្ចេញកំហឹងក្នុងបណ្ដាញសង្គម ទ្រូសសូសល (Truth Social) ដោយលើកឡើងថា បទចោទទាំងនោះគួរតែត្រូវបាន «លុបចោលជាបន្ទាន់» ហើយថា «ពុំមានបេក្ខជនប្រធានាធិបតី ឬបេក្ខជនប្រជែងតំណែងណាម្នាក់ត្រូវធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ និងត្រូវគូប្រជែងប្រើប្រាស់បណ្ដឹងព្រហ្មទណ្ឌជាអាវុធប្រឆាំងនឹងខ្លួនឡើយ»។
ការចោទប្រកាន់ថ្មីនេះកើតឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកក្នុងខែកក្កដា ដែលនិយាយថាលោក Trump និងប្រធានាធិបតីផ្សេងទៀតមានអភ័យឯកសិទ្ធិក្នុងសកម្មភាពផ្លូវការ៕