ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយក្រុមប្រជាជនគន្លឹះ, នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រជាជនគន្លឹះ ដែលរួមមានអ្នកផ្ទុកមេរោគអេដស៍ ក្រុមបុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកប្រើប្រាស់សារធាតុញៀន និងអ្នកធ្វើការនៅកន្លែងកម្សាន្តសប្បាយ តំណាងអង្គការស៊ីវិល ដែលធ្វើការងារអេដស៍(HACC, RHAC, CWPD, KHANA, CPN+, AUA, ឈូកស) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យក្រុមប្រជាជនគន្លឹះចងក្រងគ្នាហើយនាំអ្នកដែលមិនទាន់ពីស្ថានភាពផ្ទុកមេរោគអេដស៍មកធ្វើតេស្ត។ តាមគោលនយោបាយ ជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ប្រជាជនគន្លឹះមានតួនាទីសំខាន់។ ក្នុងនោះ យើងត្រូវគាំទ្រ និងជំរុញតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាងសហគមន៍ងាយរងគ្រោះ ឱ្យចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងយន្តការពាក់ព័ន្ធនឹងការឆ្លើយតបនឹងមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បងប្អូនប្រជាជនគន្លឹះមានតួនាទីសំខាន់ខ្លាំងណាស់ គឺគ្រប់ឋានុក្រមនៃយន្តការឆ្លើយតបនឹងជំងឺអេដស៍ មានន័យថានៅក្នុងគណៈកម្មាធិការអេដស៍ទាំងអស់ ត្រូវតែមានប្រជាជនគន្លឹះ ត្រូវតែមានតំណាងសង្គមស៊ីវិល ដែលធ្វើជាមួយជំងឺអេដស៍ ចាប់តាំងពីថ្នាក់ឃុំ សង្កាត់ ស្រុក ខេត្ត រហូតដល់អាជ្ញាធរអេដស៍ ជាពិសេសក្នុងកិច្ចប្រជុំ ក៏ត្រូវមានវត្តមានរបស់បងប្អូនប្រជាជនគន្លឹះ ព្រោះបងប្អូនប្រជាជនគន្លឹះជាអ្នកនាំព័ត៌មាន មកឲ្យមន្រី្តអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សូមរំលឹកឡើងវិញថា ការប្រឹងប្រែងចូលរួមក្នុងឆ្លើយតបនឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ដែលទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ ដែលរហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨។ ការសម្រេចបាននូវលទ្ធផលនេះ គឺដោយសារមានការយកចិត្តទុកដាក់ពីអតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងគិតគូប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យបាននូវគោលដៅជាតិ ៩៥-៩៥-៩៥ ទាំងបីក្នុងឆ្នាំ២០២៥ ព្រមទាំងមានចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងឈានទៅសម្រេចបានគោលនយោបាយជាតិ៖ ១)កាត់បន្ថយការចម្លងថ្មីតិចជាង ១នាក់ ឬប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង៕អត្ថបទ រដ្ឋា